គណ:ប្រតិភូខេត្តលាវនីញ ប្រទេសចិន សន្យាផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្តព្រះសីហនុ និងជ្រើសរើសអ្នកវិនិយោគសមស្រប មកវិនិយោគនៅខេត្តព្រះសីហនុ

0

ភ្នំពេញ៖ គណ:ប្រតិភូខេត្តលាវនីញ ប្រទេសចិន បានសន្យាជួយផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្តព្រះសីហនុ និងជ្រើសរើសអ្នកវិនិយោគសមស្រប មកវិនិយោគនៅខេត្តព្រះសីហនុ ។

នេះជាប្រសាសន៍លើកឡើងរបស់លោក Wang Mingyu (វ៉ាង មីងយូ)អនុប្រធានគណៈកម្មា ធិការខេត្ត សភានយោបាយប្រជាជនចិន នៃខេត្តលាវនីញ ប្រទេសចិន ក្នុងឱកាសដែលលោកដឹកនាំគណ:ប្រតិភូចូលជួបសម្តែងការគួសម និងពិភាក្សាការងារជាមួយ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រសៀលថ្ងៃចន្ទ ៩កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នៅសាលាខេត្តព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណលោក Wang Mingyu (វ៉ាង មីងយូ) ដែលបានដឹកនាំគណ:ប្រតិភូមកធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ ក្នុងបរិយាកាសល្អ កម្ពុជា-ចិន ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេស ចិននាពេលថ្មីៗនេះ ព្រមទាំងបានជួបថ្នាក់ដឹកនាំចិន និងក្រុមហ៊ុនធំៗនៅក្នុងប្រទេសចិន ហើយដំណើរទស្សនកិច្ចនេះ ឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការ ជំរុញទំនាក់ទំនងសេដ្ឋកិច្ច ទេសចរណ៍កាន់តែរីកចម្រើនបន្ថែមទៀត ។

ឯកឧត្តម គួច ចំរើន បានជម្រាបជូនពីស្ថានភាពភូមិសាស្ត្ររបស់ខេត្តព្រះសីហនុ មានប្រហាក់ប្រហែលគ្នាជាមួយខេត្តលាវនីញ ជាខេត្តតំបន់ឆ្នេរប្រវែង ១៧៥គីឡូម៉ែត្រ មានកោះចំនួន ៣០ មានកំពង់ផែទឹកជ្រៅ ស្រូបការដឹកជញ្ជូនក្នុងរង្វង់ ៧០ភាគរយ នៃទំនិញចេញ-ចូលកម្ពុជា ។ រាជរដ្ឋាភិបាលកំពុងពង្រីកកំពង់ផែនៅឆ្នាំ២០២៥ អាចឱ្យនាវាមានជម្រៅទឹក ១៤,៥០ម៉ែត្រចូលចត និងឆ្នាំ២០២៩ អាចឱ្យនាវាមានជម្រៅទឹក ១៦,៥០ម៉ែត្រចូលចតបាន ហើយនាវានៅជុំវិញពិភពលោក ៩០ភាគរយចូលចត ។ ខេត្តមានព្រលានយន្តហោះអន្តរជាតិធ្វើទំនើបកម្ម មានផ្លូវរត់ប្រវែង ៣ ៣០០ម៉ែត្រ កំពុងបន្តសាងសង់ស្ថានីយអ្នកដំណើរ។ ផ្លូវល្បឿនលឿនជាសក្តានុពលថ្មីមួយ ស្របនឹងគោលនយោបាយ ផ្លូវ និងខ្សែក្រវាត់ របស់ប្រធានាធិបតីចិន ស៊ី ជីនពីង ធ្វើឱ្យទេសចរក្នុងស្រុកមកកាន់ខេត្តព្រះសីហនុ មានចំនួនច្រើន ក៏ជាផ្លូវល្បឿនលឿនមុនគេនៅកម្ពុជា ក្លាយជាផលិតផលទេសចរណ៍ថ្មី ដែលមានប្រជាពលរដ្ឋរាប់លាននាក់មកកាន់ខេត្តព្រះសីហនុ ។ ខេត្តមានតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ទាក់ទាញសេដ្ឋកិច្ចរបស់កម្ពុជា មានទំហំពាណិជ្ជកម្មកើនឡើងជាង ២ ០០០លានដុល្លារអាម៉េរិកនៅឆ្នាំ២០២៣ ។ កាលពីខែឧសភា ឆ្នាំ២០២៣កន្លងមក សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានមកសំណេះសំណាលជាមួយកម្មករ និយោជិត និងសម្ពោធរោងចក្រផលិតសម្បកកង់រថយន្តធំជាងគេនៅកម្ពុជានៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេសផ្តល់ការងារជូនប្រជាពលរដ្ឋជាង ៣ម៉ឺនកន្លែង ។ ពួកគាត់ស្រូបយកថិវិកាចាក់ចូលមូលដ្ឋានប្រមាណ ១០លានដុល្លារអាម៉េរិក បានជួយទ្រទ្រង់ដល់សេដ្ឋកិច្ច ធានាស្ថិរភាពប្រជាជនក្នុងមូលដ្ឋាន ។ យើងសង្ឃឹមថា កម្ពុជាមានរោងចក្រផលិតសម្បកកង់រថយន្តកាន់តែច្រើន ព្រោះកម្ពុជាមានចម្ការកៅស៊ូច្រើន ។

ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពជា បានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ក្នុងគោលដៅប្រើប្រាស់ដីធ្លី និងតម្រង់ទិសខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេស ។ បច្ចប្បន្នខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេសតូចៗចំនួន១០ រាជរដ្ឋាភិបាលជួយសម្រួល ផ្តល់ភាពងាយស្រួលដល់អ្នកវិនិយោគ គោលនយោបាយសម្រាប់អ្នកវិនិយោគ និងទាក់ទាញទេសចរ ។

លោក អនុប្រធានគណៈកម្មាធិការខេត្ត សភានយោបាយប្រជាជនចិន នៃខេត្តលាវនីញ ប្រទេសចិន បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលបានទទួលស្វាគមន៍គណ:ប្រតិភូខេត្តលាវនីញ ធ្វើទស្សកិច្ចនៅខេត្តព្រះសីហនុ ដោយផ្តោតសំខាន់ និង ស្របពេលដែលទំនាក់ទំនងការទូតចិន-កម្ពុជា ៦៥ឆ្នាំ និងខួប ១០ឆ្នាំ នៃគោលនយោបាយ ផ្លូវ និងខ្សែក្រវាត់ របស់ប្រធានាធិបតីចិន ស៊ី ជីនពិន។ កាលពីពេលថ្មីៗនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំវេទិកាផ្លូវ និងខ្សែក្រវាត់នៅប្រទេសចិន ធ្វើឱ្យប្រទេសទាំងពីរមានទំនាក់ទំនងដែកថែប ហើយចំណងទំនាក់ទំនងចិន-កម្ពុជា កាន់តែល្អថែមទៀតនៃកិច្ចប្រជុំវេទិកា ផ្លូវ និងខ្សែក្រវាត់ ផងដែរ ។

លោកប្រធានគណ:ប្រតិភូ បានបន្តថា កាលពីឆ្នាំ២០១៩ គណ:ប្រតិភូខេត្តលាវនីញ បានធ្វើទស្សនកិច្ចខេត្តព្រះសីហនុ និងបានចងសម្ព័ន្ធមេត្រីភាពជាមួយខេត្តព្រះសីហនុ និងក៏ដូចជាចងសម្ព័ន្ធមេត្រីភាពជាមួយក្រុងព្រះសីហនុ ។ ដំណើរទស្សនកិច្ចនាពេលនេះ នឹងជួយជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានការអភិវឌ្ឍកាន់តែលឿន ។ យើងនឹងខិតខំសិក្សាជំរុញការគ្រប់គ្រងតំបន់សេដ្ឋកិច្ចឱ្យបានល្អ ព្រមទាំងសូមអញ្ជើញគណៈប្រតិភូខេត្តព្រះសីហនុ ទៅធ្វើទស្សនកិច្ចខេត្តលាវនីញនាពេលខាងមុខ។

លោកប្រធានគណ:ប្រតិភូ ក៏បានសន្យាជួយផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្តព្រះសីហនុ និងជ្រើសរើសអ្នកវិនិយោគសមស្រប មកវិនិយោគនៅខេត្តព្រះសីហនុ មិនត្រឹមតែអ្នកវិនិយោគនៅខេត្តលាវនីញទេ យើងនឹងបន្តផ្សព្វផ្សាយដល់អ្នកវិនិយោគនៅខេត្តផ្សេងទៀត ក្នុងប្រទេសចិន ។ សង្ឃឹមថា ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ហើយមាននិស្សិតកម្ពុជាបានទៅសិក្សានៅខេត្តលាវនីញជាច្រើននាក់ និងសន្យាជួយបណ្តុះបណ្តាលនិស្សិតខេត្តព្រះសីហនុ នៅពេលខាងមុខ ។

ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្តព្រះសីហនុ ទទួលយកសំណើរបស់ប្រតិភូខេត្តលាវនីញ ដែលបានអញ្ជើញគណ:ប្រតិភូខេត្តព្រះសីហនុ ទៅធ្វើទស្សនកិច្ចតាមពេលវេលាសមស្រប ពិសេសចង់ឃើញ និងសិក្សាឈ្វេងយល់ពីការអភិវឌ្ឍរបស់ខេត្តលាវនីញ និងស្នើសុំទទួលយុវជនខេត្តព្រះសីហនុ បានទៅសិក្សានៅខេត្តលីវនីញ៕

ប្រភព៖ AKP