ចិន ជួយកម្ពុជាក្នុងការកសាងសមត្ថភាព សម្រាប់ការអនុវត្តវិធានដើមកំណើតទំនិញនៃFTA អាស៊ាន-ចិន

0

ភ្នំពេញ៖ ប្រទេសចិនបានជួយក្នុងការកសាងសមត្ថភាពក្នុងការអនុវត្តវិធានដើមកំណើតទំនិញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA) ទទួលបានប្រយោជន៍អតិប្បរមាន ខណៈពេលដែលអាស៊ាន និងចិនកំពុងជំរុញការចរចាលើធ្វើឱ្យប្រសើរឡើងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន។

ក្នុងសិក្ខាសាលាបណ្តុះបណ្តាលរយៈពេលបួនថ្ងៃដែលប្រារព្ធឡើង ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៦ ខែតុលា ត្រូវបានរៀបចំឡើងដោយ Academy for International Business Officials (AIBO) នៃក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន និងសហការជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា និងស្ថានទូតចិនប្រចាំនៅកម្ពុជា។


អ្នកជំនាញមកពីអគ្គរដ្ឋបាលគយនៃប្រទេសចិន និងសកលវិទ្យាល័យ Shanghai University of International Business and Economics ត្រូវបានអញ្ជើញឱ្យចូលរួមចែករំលែក និងធ្វើបទបង្ហាញនៅក្នុងសិក្ខាសាលាដែលមានការចូលរួមពីមន្ត្រីពាណិជ្ជកម្មប្រមាណ ៥០ នាក់។

ឯកឧត្តម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា សិក្ខាសាលានេះមានគោលបំណង គឺដើម្បីកសាងសមត្ថភាពមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាដើម្បីទទួលបានផលប្រយោជន៍ប្រកបដោយប្រសិទ្ធភាពពីកាលានុវត្តភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅកម្រិតទ្វេភាគី តំបន់ និងពហុភាគី ហើយជាវេទិកាចែករំលែកបទពិសោធន៍របស់អ្នកជំនាញប្រកបដោយជោគជ័យក្នុងកិច្ចព្រមព្រៀងផ្សេងៗគ្នាដូចជា ក៏ដូចជាបង្កើតបណ្តាញទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា៖«សិក្ខាសាលាបណ្តុះបណ្តាលនេះនឹងផ្តល់ជាវេទិកាមួយដើម្បីពិភាក្សាអំពីអនុសាសន៍ដែលអាចកើតមាននៃវិធានដើមកំណើតទំនិញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងកិច្ចព្រមព្រៀងផ្សេងទៀតផងដែរ។ នេះគឺជាពេលវេលាដើម្បីជំរុញការអនុវត្តច្បាប់នៃប្រភពដើមនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិនឱ្យប្រសើរឡើង»។


ជាមួយគ្នានេះដែរ លោក  Zhong Le អនុប្រធាន វិទ្យាស្ថាន AIBO បានគូសបញ្ជាក់ថា AIBO មានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្សជាមួយប្រទេសកម្ពុជា ចែករំលែកបទពិសោធន៍នៃការអភិវឌ្ឍ និងរួមចំណែកដល់សហគមន៍ចិន-កម្ពុជានៃវាសនារួមគ្នាតែមួយ។ លោក Zhong បញ្ជាក់បន្ថែមថា៖ «យើងសង្ឃឹមថា បឋាកថា និងការផ្លាស់ប្តូរយោបល់ស្តីពីច្បាប់ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងនីតិវិធីប្រតិបត្តិការ នឹងជួយកម្ពុជាឱ្យប្រើប្រាស់អនុវត្តន៍វិធានដើមកំណើតទំនិញកាន់តែប្រសើរឡើង ដើម្បីអនុវត្តន៍ពាណិជ្ជកម្មក្រៅប្រទេសជាប្រយោជន៍ដល់ប្រជាជនកម្ពុជា»។


បើតាមលោក Zhong ពាណិជ្ជកម្មរវាងទ្វេភាគីរវាងប្រទេសចិននិងអាស៊ានមានចំនួនជិត ៩៨០ ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ធំជាងឆ្នាំ ២០១៣ ដែលមានចំនួនប្រហែល ៤៤០ ពាន់លានដុល្លារ។ បច្ចុប្បន្ន ទាំងអាស៊ាន និងចិនកំពុងជំរុញយ៉ាងសកម្មការចរចា FTA ធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្រិត ០៣ ដោយនឹងផ្តល់ឱកាសថ្មីសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងអាស៊ាន និងចិន។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ក្នុងរយៈពេល ១៣ឆ្នាំនៃការអនុវត្ត ACFTA ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិនសម្រេចបានច្រើនជាង ១០ដងចាប់តាំងពីឆ្នាំ ២០១០ពី ១.២៥ ពាន់លានដុល្លារដល់ ១១.៦៩ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២២ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំជាមធ្យម ២១.៣៧ភាគរយ៕

ប្រភព៖ AKP