ភ្នំពេញ៖ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដោយបានទទួលការណែនាំពី ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា នាយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាព ជំនន់ទឹកភ្លៀងនៅស្ទឹងព្រែកត្នោត និងសាកសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋដែល បានជម្លៀសមកស្នាក់នៅជាបណ្តោះអាសន្ននៅទីទួលសុវត្ថិភាព នៅតាមមូលដ្ឋានក្នុងខណ្ឌកំបូល និងខណ្ឌដង្កោ។

ក្នុងឱកាសនោះ លោក ជិន ប៊ុនធឿន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការព្រួយបារម្ភពីឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាពិសេសការព្រួយបារម្ភយកចិត្តទុក ដាក់គិតគូរខ្ពស់ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះទាំងអស់។


លោកថ្លែងថា សូមឱ្យបងប្អូនដែលបានជម្លៀសមកទីទួលសុវត្ថិភាពនាពេលនេះ សូមយកចិត្តទុកដាក់មើលថែចំពោះចាស់ជរា និងប្រុងប្រយ័ត្នចំពោះក្មេងតូចៗកុំឱ្យលេងទឹក និងសូមយកចិត្តទុកដាក់ពីសុខភាព បរិភោគអាហារដែលចម្អិនឱ្យបានឆ្អិន ពិសាទឹកដាំពុះ និងត្រូវប្រុងប្រយ័ត្នចំពោះសត្វអាសិរ្ពិសនានា។


ជាមួយគ្នានោះដែរ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ក៏បានជម្រាបជូនដល់បងប្អូនទាំងអស់ថា សូមកុំមានការព្រួយបារម្ភ ព្រោះទីណាមានប្រជាពលរដ្ឋយើងជួបការលំបាក គឺទីនោះ មានវត្តមានរបស់ ក្រុមការងាររាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅចាំជួយសង្គ្រោះជានិច្ច៕
ប្រភព៖ AKP