លោក​ជំទាវ​វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ចុះ​ពិនិត្យ​ស្ថានភាព​​ករណី​ឆ្លង​ជំងឺភ្នែកក្រហម នៅ​ក្នុង​ខេត្តកំពង់ចាម

0

កំពង់ចាម​៖ នា​ព្រឹក​ថ្ងៃ​សុក្រ ៦​កើត ខែអស្សុជ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៣ លោក​ជំទាវ​វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ដោយ​មានការ​អនុញ្ញាត​ពី ឯកឧត្តម​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ដឹកនាំ​ក្រុមការងារ​សុខាភិបាល ចុះ​ពិនិត្យ​ស្ថានភាព​ដោយ​ផ្ទាល់ នៃ​ករណី​ឆ្លង​ជំងឺភ្នែកក្រហម នៅ​ក្នុង​ខេត្តកំពង់ចាម​។

ក្នុង​ឱកាស​នោះ​ដែរ លោក​ជំទាវ​ក៏​បាន​ណែនាំ​ឱ្យ​មន្ត្រី​សុខាភិបាល បន្ត​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ផ្សព្វផ្សាយ​សារ​អប់រំ​ដល់​ប្រជាពលរដ្ឋ ក្នុង​ការ​អនុវត្ត​វិធានការ​សុខាភិបាល​ឱ្យ​បាន​ខ្ជាប់ខ្ជួន អំពី​ការ​ព្យាបាល និង​បង្ការ​ការ​ចម្លង​នៃ​ជំងឺភ្នែកក្រហម ដើម្បី​ទប់ស្កាត់​ការ​រីក​រាល​ទ្រង់ទ្រាយ​ធំ នៅ​តាម​សហគមន៍​។

ការ​ចុះ​ពិនិត្យ​នេះ​ដែរ​ក៏​មានការ​ចូលរួម​ពី​មន្ត្រី​ជំនាញ​ដូច​ជា ឯកឧត្តម​វេជ្ជបណ្ឌិត លី សូ​វ៉ា​ន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ឯកឧត្តម​សាស្ត្រាចារ្យ ងី ម៉េ​ង នាយក​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ឯកឧត្តម​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម​វេជ្ជបណ្ឌិត គឹ​ម​សួរ ភី​រុណ ប្រធាន​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជា​ច្រើន​នាក់​ទៀត​ផង​ដែរ​៕

ប្រភព៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC