ហេដ្ឋារចនាសម្ព័ន្ធស្តាតចាស់ត្រូវបានជួសជុលកែលម្អរទ្រង់ទ្រាយធំ ដោយចំណាយទឹកប្រាក់ ២លានដុល្លារ

0

ភ្នំពេញ៖ ហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលកងយោធពលខេមរភូមិន្ទ ឬហៅថាស្តាតចាស់ត្រូវបានជួសជុលកែលម្អរ ដោយចំណាយកញ្ចប់ថវិការហូតដល់ ២លានដុល្លារអាមេរិក ដោយអាចបម្រើដល់ការប្រកួតកម្រិតជាតិ និងអន្តរជាតិបានយ៉ាងស្រស់ស្អាត និងស្តង់ដាខ្ពស់។

ថ្លែងនៅក្នុងបទសម្ភាសន៍ដោយឡែកជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ខូវ ឆាវ នាយកមជ្ឈមណ្ឌលកងយោធពលខេមរភូមិន្ទបានគូសបញ្ជាក់ថា ការជួសជុលកែលម្អរហេដ្ឋារចនាសម្ព័ន្ធកីឡដ្ឋានស្តាតចាស់ ពេលនេះមានលក្ខណៈទ្រង់ទ្រាយធំ ស្ទើរតែទាំងស្រុងតែម្តង ដោយចំណាយរយៈពេល៦ខែ និងចំណាយថវិកាក្នុងរង្វង់ ២លានដុល្លារអាមេរិក។

ឯកឧត្តម ខូវ ឆាវ សង្កត់ធ្ងន់ថា ៖ «ការជួសជុលកែលម្អរស្តាតចាស់នេះ មានចំនួន១០មុខ ក្នុងនោះមានដូចជាសាលប្រដាល់ អគាររដ្ឋបាល ចំណតរថយន្ត ផ្លូវរត់អត្តពលកម្ម ប្រព័ន្ធបង្ហូរទឹក ទីលានហ្វឹកហាត់ប៊ូល និងប៉េតង់ជាដើម។ ពេលនេះ ការជួសជុលនេះដំណើរបាន២ខែហើយ ខណៈការកែលម្អរសាលប្រដាល់នេះអាចប្រើប្រាស់ដល់ការហ្វឹកហាត់ និងប្រកួតបាល់ទះ បាល់បោះ ព្រមទាំងអាចបម្រើដល់ការរៀបចំប្រភេទកីឡាក្នុងសាលជាច្រើនទៀតផងដែរ។ ក្នុងនោះអគារសម្រាប់ប្រភេទកីឡាបាល់ទាត់ក៏បានជួសជុលបន្ទប់គណៈអធិបតី VIP បន្ទប់ទឹក បន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់ ឲ្យបានស្អាត និងត្រឹមត្រូវបានស្តង់ដា ស្របតមបទដ្ឋានទាមទាររបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ផងដែរ»។

ឯកឧត្តម ខូវ ឆាយ បន្ថែមថា តាមផែនការ បន្ទាប់ពីការជួសជួលទ្រង់ទ្រាយធំនេះរួចរាល់ មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទនឹងប្រែមុខមាត់ថ្មីទាំងស្រុងតែម្តង ដែលអាចរៀបចំការប្រកួតជាច្រើនកម្រិតអន្តរជាតិ ដូចជាប្រភេទកីឡាបាល់ទាត់ជាដើម។ ចំពោះសាលកីឡាប្រដាល់គុនខ្មែរ គឺត្រូវបានជួសជុលកែលម្អរច្រើន ដូចជាការដោះដូរដំបូល បំពាក់កៅអីអង្គុយ និងបំពាក់ម៉ាស៊ីនត្រជាក់ ដើម្បីដើរឲ្យទាន់ការធ្វើទំនើបកម្មនៃប្រភេទកីឡាក្នុងសាល៕

ប្រភព៖ AKP