កែប៖ កំពង់ផែទេសចរណ៍នៅកោះទន្សាយ កំពុងដំណើរការសាងសង់ ក្នុងលទ្ធផលសម្រេចបានប្រមាណជិត៥០ភាគរយហើយ ដែលកំពុងដំណើរការសាងសង់គ្រោងចំណាយថវិកាប្រមាណជាង១,៦លានដុល្លារអាម៉េរិក ក្រោមកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ធ្លាប់លើកឡើងពាក់ព័ន្ធនឹងការសាងសង់កំពង់ផែកោះទន្សាយនេះថា ជាការពង្រីកសក្តានុពលវិស័យទេសចរណ៍ និងសេដ្ឋកិច្ច របស់ខេត្តកែបតាមរយៈផ្លូវទឹកទ្វេភាគី ជាមួយប្រទេសក្នុងតំបន់ ហើយផែនេះអាចឈានទៅដល់ការទទួលភ្ញៀវកម្រិតថ្នាក់អន្តរជាតិផងដែរ សម្រាប់ថ្ងៃអនាគត ។
ដោយឡែកដំណើរការសាងសង់ផ្លូវប្របមាត់សមុទ្រឯណេះវិញ បាននិងកំពុងដំណើរការដូចគ្នា ក្នុងលទ្ធផលប្រមាណ ៨២ភាគរយហើយដែរ ។ គម្រោងទាំងនេះក្រោមកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
ឯកឧត្តមអភិបាលខេត្តកែប ក៏បានបញ្ជាក់ដែរថា ផ្លូវប្របមាត់សមុទ្រនេះ នឹងក្លាយជាសរសៃឈាមទេសចរណ៍យ៉ាងសំខាន់ តភ្ជាប់គ្នារវាងឆ្នេរកែប និងឆ្នេរអង្កោល នាថ្ងៃអនាគត នឹងនាំឱ្យមានកំណើនភ្ញៀវទេសចរ មកទស្សនាខេត្តកែបកាន់តែច្រើន ហើយក៏នឹងបញ្ចៀសការកកកុញ នៃភ្ញៀវទេសចរ នៅឆ្នេរកែបផងដែរ ។
យ៉ាងណានៅថ្ងៃ ពុធ ៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ប្រតិភូតំណាងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តកែប ទទួលបន្ទុក មានលោក វ៉ៅ សុខា អភិបាលរងខេត្ត,លោក ហ៊ួរ មិថុនា អភិបាលរងខេត្ត, និងលោកស្រី ទិត សុខា អភិបាលរងខេត្តកែប, លោក ខេង យ័ន អភិបាលក្រុងកែប, និងប្រធានមន្ទីរពាក់ព័ន្ធ បានចូលរួមចុះត្រួតពិនិត្យការដ្ឋាន អនុគម្រោងសាងសង់ផ្លូវអមតាមឆ្នេរ និងអនុគម្រោងសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយនេះ ។
ក្នុងនោះ លោក ហម និមល អនុប្រធានទីប្រឹក្សាបច្ចេកទេសរបស់ធនាគារADB បានឱ្យដឹងថា កំពង់ផែទេសចរណ៍កោះទន្សាយ គិតមកទល់ពេលនេះ សម្រេចការសាងសង់បានចំនួន ៤៩.៨ភាគរយហើយ ផែនេះនឹងបញ្ចប់ការសាងសង់នៅត្រឹមខែមករា ឆ្នាំ២០២៤។ លោកបន្តថា សម្រាប់គម្រោងមួយទៀតគឺផ្លូវប្របមាត់សមុទ្រ ដែលយើងកំពុងដំណើរការគិតមកទល់ពេលនេះ សម្រេចលទ្ធផលចំនួន ៨២ភាគរយហើយដែរ ។ អនុគម្រោងរបស់យើងទាំង៣ មានទីលានទុកដាក់សំរាមស្តង់ដារ (បានសម្ពោធរួចរាល់), អនុគម្រោងកំពង់ផែទេសចរណ៍កោះទន្សាយ, និងអនុគម្រោងផ្លូវប្របមាត់សមុទ្រ ពេលនេះមានក្រុមហ៊ុនតែមួយកំពុងដំណើរការសាងសង់ ដែលយើងអាចទុកចិត្តបានថា អនុគម្រោងនីមួយៗ នឹងបញ្ចប់បានទាន់ពេលវេលា ៕
ប្រភព៖ AKP