ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម SANO Tomoki អគ្គនាយកកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃទីភ្នាក់ងារនគរបាលជាតិជប៉ុន នៅរដ្ឋធានីវៀងច័ន្ទ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីរសៀលថ្ងៃ ទី១៧ ខែតុលា ឆ្នាំ២០២៣ នេះឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជា បានមានប្រសាសន៍គាំទ្រ និងរីករាយស្វាគមន៍ក្នុងការបង្កើនកិច្ចសហការប្រតិបត្តិការបង្ការ បង្រ្កាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសបច្ចេកវិទ្យ ក្នុងគោលបំណងថែរក្សាសន្តិសុខសុវត្ថិភាព ជូនពលរដ្ឋប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់ផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានស្នើភាគីនគរបាលជាតិជប៉ុន ពិនិត្យលទ្ធភាពបង្កើនកិច្ចសហការលើការងារបណ្តុះបណ្តាល ជាពិសេសការបណ្តុះបណ្តាលជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងការបង្ការ ទប់ស្កាត់និងបង្រ្កាបបទល្មើសទាំងនេះឲ្យមានប្រសិទ្ធភាព។
ជាការឆ្លើយតបឯកឧត្តម SANO Tomoki ក៏បានថ្លែងអំណរគុណដល់នគរបាលជាតិកម្ពុជា ដែលកន្លងមកបានសហការគ្នាយ៉ាងល្អក្នុងការប្រយុទ្ធប្រឆាំងបទល្មើស។ ឯកឧត្តម SANO Tomoki បានស្វាគមន៍គាំទ្រពាក់ព័ន្ធការបណ្តុះបណ្តាលកសាងសមត្ថភាព និងបានបញ្ជាក់ជូនអំពីវគ្គបណ្តុះបណ្តាលដែលផ្តល់ជូនតាមរយៈអង្គការចៃកា (Jica) នៅកម្ពុជា៕
ប្រភព៖ ក្រសួងព័ត៌មាន