ក្រុមហ៊ុនធំៗចំនួន៤ នឹងផ្តល់ឱកាសការងារជិត ៣០០ កន្លែងក្នុងវេទិកាការងាររបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៅថ្ងៃស្អែក

0

ភ្នំពេញ៖ ក្រុមហ៊ុនធំៗចំនួន ៤ ប្រកាសផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ២៥៩ កន្លែង ក្នុងវេទិកាការ ងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)  វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់សិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ដែលនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែតុលាស្អែកនេះ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ។

ក្រុមហ៊ុនទាំងបួនដែលនឹងចូលរួមក្នុងវេទិកាការងារស្អែកនេះមានដូចជា៖ ផ្សារទំនើប AEON Mall ផ្សារទំនើប ម៉ាក្រូ ក្រុមហ៊ុន CHIP MONG  និងក្រុមហ៊ុន យូភីជី ផាយផ៍ ឯ.ក។

លោក ស្រី សំឆៃយ៉ា អ្នកគ្រប់គ្រងធនធានមនុស្សរបស់ផ្សារទំនើប AEON Cambodia បានឱ្យដឹងថា សម្រាប់វេទិកាការងារ នៅថ្ងៃទី១៩ ស្អែកនេះ AEON នឹងនាំយកឱកាសការងារជាច្រើនមុខតំណែងផ្តល់ជូនដល់អ្នកស្វែងរកការងារ ឬអ្នកចង់ផ្លាស់ប្តូរការងារ។ លោកបានបញ្ជាក់ថា AEON ជាផ្សារទំនើបមួយនៅក្នុងប្រទេសកម្ពុជា ដែលមានការគាំទ្រពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលធ្វើឱ្យផ្សារទំ នើប មានភាពរីកចម្រើនយ៉ាងឆាប់រហ័ស។ លោកបានបន្ដថា ផ្សារទំនើប AEON តែងតែគោរពតាមលក្ខណការងារ និងមានអត្ថប្រយោជន៍ជាច្រើនបន្ថែមទៀតដែលបានផ្តល់ដល់បុគ្គលិករបស់យើង ។

ជាមួយគ្នានេះ លោក សំឆៃយ៉ា ក៏បានអរគុណចំពោះការរួមចំណែករបស់ NEA ដែលតែងតែគាំទ្រចំពោះ AEON ក្នុងការជ្រើសរើសរើសបុគ្គលិកកន្លងមក ចាប់តាំងពី AEON មានវត្តមាននៅប្រទេសកម្ពុជាជាលើកដំបូងរៀងមក។ អ្នកគ្រប់គ្រងធនធានមនុស្សរបស់ផ្សារទំនើប AEON Cambodia រូបនេះបានជំរុញដល់សិស្ស និស្សិត ឬអ្នកចង់ផ្លាស់ប្តូរការងារ មាន បំណងចង់បានឱកាសការងារជាមួយផ្សារទំនើប AEON ត្រូវមានបុគ្គលិកលក្ខណៈរួសរាយរាក់ទាក់ មានភាពស្មោះត្រង់ ពិសសេស ត្រូវ រៀបចំប្រវត្តិរូប (CV) ឱ្យបានស្អាត ដើម្បីជួបជាមួយក្រុមការងារយើងនៅទីតាំង អាគារ NEA ស្ថិតនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដោយផ្ទាល់។

សូមបញ្ជាក់ថា ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕

ប្រភព៖ AKP