តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានធ្វើការណែនាំទៅដល់អភិបាលស្រុកបាទី និងអាជ្ញាធរមូលដ្ឋាន ពិសេសមន្ទីរជំនាញពាក់ព័ន្ធ ត្រូវត្រៀមគ្រឿងចក្រនៅតាមតំបន់ ឬតាមអាងទឹកនានា នៅក្នុងភូមិសាស្ត្រដែលងាយនឹងជន់លិច ត្រូវធ្វើការកាយ និងបើកផ្លូវរំដោះទឹកចេញ ចៀសវាងការជន់លិចផលដំណាំ និងខូចខាតទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ ។
ឯកឧត្តម អ៊ូច ភា បានធ្វើការណែនាំបែបនេះ ក្នុងពេលចុះពិនិត្យមើលស្ថានភាពទឹកជំនន់នៅទ្វារទឹក អាងទឹកទន្លេបាទីស្ពានកំពង់ដង្កោ ស្ថិតនៅឃុំពត់សរ ស្រុកបាទី ជាប់ព្រំប្រទល់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃអង្គារ ៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ។
ឯកឧត្តម អ៊ូច ភា ដែលអមដំណើរដោយលោកអភិបាលរងខេត្ត លោកប្រធានមន្ទីរសាធារណៈការនឹងដឹកជញ្ជូនខេត្តតាកែវ លោកប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តតាកែវ លោកអភិបាលស្រុកបាទី និងអាជ្ញាធរពាក់ព័ន្ធ ក៏បានបន្តដំណើរចុះពិនិត្យមើលស្ថានភាពទឹកជំនន់នៅ ប្រឡាយទឹកហនុមាន ដែលហូរឆ្លងកាត់៨ឃុំ មាន៖ ឃុំពត់សរ, ឃុំគ្រាំងឆ្នង់, ឃុំចំប៉ី, ឃុំត្រពាំងសាប, ឃុំពារាម, ឃុំចំបក់, ឃុំត្នោត, និងឃុំដូង ក្នុងស្រុកបាទី ខេត្តតាកែវផងដែរ។
ឯកឧត្តម មានប្រសាសន៍បន្តថា រហូតមកដល់ពេលនេះ នៅក្នុងភូមិសាស្ត្រខេត្តតាកែវ ពុំទទួលរងផលប៉ះពាល់ ដោយគ្រោះទឹកជំនន់ជន់លិចមកលើផលដំណាំ ឬផ្ទះសម្បែងបងប្អូនប្រជាពលរដ្ឋនៅឡើយទេ ។ ពោលគឺគ្រាន់តែស្ថានភាពទឹក មានសភាពឡើងខ្ពស់តែបន្តិចទេ ដោយទឹកហូរធ្លាក់មកពីខេត្តកំពង់ស្ពឺ ប៉ុន្តែពុំបង្កហានិភ័យអ្វីធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋនៅខេត្តតាកែវ គ្រាន់តែប៉ះពាល់បន្តិចបន្តួចដូចជា ផ្ទះបងប្អូនប្រជាពលរដ្ឋខ្លះទឹកហូរចូល ប៉ុន្តែបើភ្លៀងមិនធ្លាក់បន្តនោះ ទឹកនឹងស្រកទៅវិញ ។
ឯកឧត្តមអភិបាលខេត្តតាកែវ បានបន្ថែមថា បើទោះបីជាស្ថានភាពទឹកនៅក្នុងភូមិសាស្ត្របណ្តោយផ្លូវជាតិលេខ ២ និងលេខ ៣ មិនទាន់ជាកើតមានហានិភ័យធ្ងន់ធ្ងរក៏ពិតមែន ប៉ុន្តែក្នុងនាមរដ្ឋបាលខេត្តតាកែវ ឯកឧត្តមបានបញ្ជាដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងមន្ទីរជំនាញពាក់ព័ន្ធត្រូវរួមសហការគ្នា ។ ពិសេសត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ដើម្បីបង្ការជន្លៀសបងប្អូនប្រជាពលរដ្ឋ ទៅកាន់ទីទួលសុវត្ថិភាព ។
ឯកឧត្តម ក៏បានណែនាំដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវចុះពិនិត្យតាមដានស្ថានភាពជំនន់ទឹកភ្លៀង នៅតាមមូលដ្ឋានភូមិ ឃុំ និងរាយការណ៍ជូនរដ្ឋបាលខេត្តតាកែវ ឱ្យបានទាន់ពេលវេលា ដើម្បីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ចុះអន្តរាគមន៍ទាន់សភាពការណ៍ ដើម្បីជួយសង្គ្រោះពលរដ្ឋ ប្រសិនមានករណីគ្រោះមហន្តរាយផ្សេងៗ កើតមានឡើងជាយថាហេតុ ៕
ប្រភព៖ AKP