រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកឡើងថា ក្រសួងព័ត៌មានត្រូវរៀបចំសណ្តាប់ធ្នាប់ថ្មីក្នុងវិស័យព័ត៌មាននៅ​កម្ពុជា ដើម្បីពង្រឹងសមត្ថភាព គុណភាពការងារ និងសុវត្ថិភាពក្នុងការប្រើប្រាស់ព័ត៌មាន

0

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានលើកឡើងថា ក្រសួងព័ត៌មានត្រូវរៀបចំសណ្តាប់​ធ្នាប់​ថ្មីក្នុងវិស័យព័ត៌មាននៅកម្ពុជា ដើម្បីកុំឱ្យបង្ករភាពរញ៉េរញ៉ៃ គឺសំដៅលើការអនុវត្តច្បាប់ លិខិត​បទ​ដ្ឋានគតិយុតផ្សេងៗ ការគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន សមត្ថភាព គុណភាពការងារ និងសុវត្ថិភាពក្នុងការប្រើប្រាស់ព័ត៌មាន។ ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងកិច្ចប្រជុំ​ត្រួតពិនិត្យវឌ្ឍនភាព និងទិសដៅបង្កើនប្រសិទ្ធភាពការងារលើការ ដឹកនាំ និងសម្របសម្រួលមន្ទីរ​ព័ត៌មានរាជធានី-ខេត្ត ដែលបានធ្វើឡើង នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំ​ព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា អ្នកសារព័ត៌មានដែលគ្មានសណ្តាប់ធ្នាប់ ស្ថាប័នសារព័ត៌មាន ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ គឺជាអ្នកបំផ្លាញដល់ដំណើរការងាររបស់រាជរដ្ឋាភិបាល និងការ​អភិវឌ្ឍប្រទេសជាតិ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជាក់ថា ការរៀបចំឱ្យឯកឧត្តម លោកជំទាវ ជារដ្ឋលេ​ខាធិការ អនុរដ្ឋលេខាធិការក្រសួងព័ត៌មានទទួលតាមបណ្តាមន្ទីរព័ត៌មាន ខេត្ត រាជធានី គឺដើម្បីជា​ការផ្សារភ្ជាប់នូវទំនាក់ទំនងរវាងមន្ទីរ និងក្រសួង ឱ្យនៅខិតជិតគ្នា ធ្វើកិច្ចការរួមគ្នានូវរាល់គោល​នយោបាយ និងផែនការសកម្មភាពផ្សេងៗត្រូវអនុវត្តន៍។ ឯកឧត្ដមរដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា កន្លង​មក​នេះ មន្ទីរព័ត៌មាន ហាក់បីដូចជាធ្វើការងារ​ដាច់ឆ្ងាយ​តែឯង តែចាប់ពីពេលនេះទៅ មន្ទីរព័ត៌មាន គឺ​មាន​ភាពកក់ក្តៅ មានថ្នាក់ដឹកនាំពី​ក្រសួងព័ត៌មាន​ទៅជួយ​កិច្ចការងារ ព្រោះមន្ទីរព័តមាន មានតូនាទី​សំខាន់ក្នុង​ក្របខណ្ឌគ្រប់គ្រងព័ត៌មានរបស់ព្រះ​រាជា​ណាចក្រកម្ពុជា ផងដែរ ដោយសារខេត្តនីមួយៗ​ជាកោសិកានៃប្រទេស បើកោសិកានេះមិនល្អ នឹងធ្វើឱ្យទម្រង់នៃការគ្រប់គ្រងព័ត៌មានជារួម មានភាព​ខ្វះចន្លោះ។ ដូច្នេះ ឯកឧត្តម លោកជំទាវ ជា​ថ្នាក់​ដឹក​នាំក្រសួងព័ត៌មាន ទទួលបន្ទុកវិស័យព័ត៌​មាន​នៅ​ក្នុងខេត្ត និងទទួលបន្ទុក មន្ទីរព័ត៌មានខេត្ត តែម្តង ហើយក៏ជាសេនាធិការរបស់រដ្ឋមន្រ្តី លើវិស័យព័ត៌​មាន តាមខេត្ត។

ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា សម្រាប់ឯកឧត្តម លោកជំទាវ ដែលទទួលបន្ទុក នឹងក្លាយទៅជាគ្រូបង្គោល មើលខុសត្រូវលើការងារព័ត៌មាន ជួយសម្របសម្រួលការងារជា​មួយ​មន្ទីរព័ត៌មានខេត្ត ដើម្បីធ្វើឱ្យការគ្រប់គ្រងវិស័យព័ត៌មានក្នុងខេត្ត បានដំណើរការទៅដោយរហូត ហើយអ្វីដែលសំខាន់គឺមានទំនាក់ទំនងល្អជាមួយអាជ្ញាធរដែនដីខេត្ត។ ឯកឧត្តមរដ្ឋមន្រ្តីបានគូស​បញ្ជាក់​​ផងដែរថា ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដែលទទួលបន្ទុកមន្ទីរព័ត៌មាន គឺមិនមែនជាអ្នក​ប្រតិបត្តិ​ការ​ឱ្យមន្ទីរនោះទេ គ្រាន់តែជាជន្ទល់ក្នុងការពង្រឹងតូនាទីរបស់មន្ទីរព័ត៌មាន៕

ប្រភព៖ AKP