សភាពាណិជ្ជកម្មអាល្លឺម៉ង់ មានបំណង ចង់បង្កើតការិយាល័យពាណិជ្ជកម្មនៅកម្ពុជា

0

ភ្នំពេញ៖ លោកបណ្ឌិត Jan Cernicky ប្រធាននាយកដ្ឋានសេដ្ឋកិច្ចនិងនវានុវត្តន៍ នៃការិយាល័យ Konrad Adenauer Stiftung (KAS) នៃប្រទេសអាល្លឺម៉ង់ បានជម្រាបជូនអំពីចំណាប់អារម្មណ៍របស់​សភា​ពាណិជ្ជកម្មអាល្លឺម៉ង់ ដែលមានបំណង ចង់បង្កើតការិយាល័យពាណិជ្ជកម្មនៅកម្ពុជា និងឈ្វេងយល់​បន្ថែម​អំពីកាលានុវត្តភាព​នៃការធ្វើធុរកិច្ចនិងវិនិយោគនៅកម្ពុជាឱ្យកាន់តែស៊ីជម្រៅ។ ការលើកឡើង​របស់លោកបណ្ឌិត Jan Cernicky បែបនេះ ក្នុងឱកាសជួបពិភាក្សាការងារជាមួយ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ។

លោកជំទាវ តឹករ៉េត កំរង បានបង្ហាញការស្វាគមន៍ គាំទ្រ និងការត្រៀមខ្លួនរួចជាស្រេចរបស់​ក្រសួង​ពាណិជ្ជកម្ម ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយភាគីដៃគូពាណិជ្ជកម្ម​ពីបណ្ដា​ប្រទេសនានា ជាពិសេសប្រទេសអាល្លឺម៉ង់ និងលើកទឹកចិត្តឱ្យសហគមធុរកិច្ចអាល្លឺម៉ង់ ពិនិត្យលទ្ធ​ភាព​ពង្រីកការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា។ លោកជំទាវរដ្ឋលេខាធិការបានស្វាគមន៍យ៉ាង​កក់​ក្តៅជូនចំពោះលោកបណ្ឌិត Jan Cernicky និងសហការី ព្រមទាំងបានថ្លែងអំណរគុណចំពោះ​រដ្ឋាភិបាល​និងប្រជាជនអាល្លឺម៉ង់ ដែលតែងតែគាំទ្រដល់ដំណើរការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចរបស់​កម្ពុជា លើវិស័យសំខាន់ៗដូចជា ការអប់រំ នីតិរដ្ឋ អភិបាលកិច្ច ការការពារបរិស្ថាន សេដ្ឋកិច្ចឌីជីថល និងទំនាក់ទំនងអន្តរជាតិជាដើម។

លោកជំទាវរដ្ឋលេខាធិការក៏បានជម្រាបជូនអំពីការវឌ្ឍនភាពនៃការធ្វើពាណិជ្ជកម្ម ម៉ាក្រូសេដ្ឋកិច្ច​កម្ពុជា និង​គោល​នយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧ តាមរយៈការដាក់​ចេញនូវយុទ្ធសាស្រ្ត​បញ្ចកោណដំណាក់ទី១ ជាអាទិ៍ ការអភិវឌ្ឍធនធានមនុស្ស ការធ្វើពិពិធកម្ម​សេដ្ឋ​កិច្ច​និងការ​បង្កើន​ភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជននិងការងារ ការអភិវឌ្ឍប្រកបដោយ​ភាព​ធន់ ចីរភាព​និង​បរិយាប័ន្ន និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល។

ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាអំពីប្រធានបទសំខាន់ៗមួយចំនួនទៀតផងដែរ រួមមាន៖ ការត្រៀមខ្លួនរបស់កម្ពុជាក្នុងដំណើរចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច ផែនការអភិវឌ្ឍន៍​ភស្ដុភារ​កម្មនៅកម្ពុជា និងវឌ្ឍនភាពនៃការអនុវត្តសេដ្ឋកិច្ចបៃតងនិងសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។

គួរបញ្ជាក់ផងដែរ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងអាល្លឺម៉ង់ក្នុងឆ្នាំ២០២២ សម្រេចបានប្រមាណ ១,២៤៦.៩០ លានដុល្លារអាម៉េរិក បានកើនឡើងប្រមាណ ១៩,២៥% បើធៀបទៅនឹងរយៈ​ពេល​ដូច​គ្នាក្នុងឆ្នាំ២០២១។ កម្ពុជានាំចេញមុខទំនិញសំខាន់ៗទៅអាល្លឺម៉ង់ដូចជា៖ សម្លៀកបំពាក់ ទោចក្រ​យាន​យន្ត ស្បែកជើង ធញ្ញជាតិ កាហ្វេ មួក ឆ័ត្រ និងគ្រឿងម៉ាស៊ីនអគ្គិសនីជាដើម។ រីឯកម្ពុជា​នាំ​ចូល​មុខទំនិញសំខាន់ៗ​ពីអាល្លឺម៉ង់ដូចជា៖ គ្រឿងបន្លាស់ម៉ាស៊ីន ផលិតផលធ្វើពីម្សៅ ឱសថ កាកសំណល់​ចំណី​កែច្នៃ​សម្រាប់ផលិតចំណីសត្វ និងទំនិញដទៃទៀត៕

ប្រភព៖ AKP