ភ្នំពេញ៖ ក្នុងរយៈពេលបីថ្ងៃ ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ រួមទាំងបងប្អូនប្រជាពលរដ្ឋដែលបានដើរកម្សាន្តនាឱកាសពិធីបុណ្យភ្ជំបិណ្ឌ ចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ មានប្រមាណ១,៨៩ លាននាក់។ នេះបើយោងតាមក្រសួងទេសចរណ៍។

បើតាមក្រសួងទេសចរណ៍ ក្នុងចំណោមភ្ញៀវទេសចរណ៍ទាំងនោះ ទេសចរជាតិប្រមាណ ១,៨៩ លាននាក់ កើនឡើង ៥២,២% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ និងទេសចរបរទេសប្រមាណ ២,៧ ម៉ឺននាក់ កើនឡើង ៩០,៥% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២។

ជាការកត់សម្គាល់លើរបាយការណ៍ស្ថិតិទេសចរណ៍នេះ រួមមាន៖ ស្ថិតិទេសចរផ្ទៃក្នុងសរុបប្រមាណ ១,៩២ លាននាក់នេះ គឺរដ្ឋបាលរាជធានី ខេត្តបានរាប់បញ្ចូលចំនួនទេសចរជាតិ និងចំនួនបងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស ព្រមជាមួយបងប្អូនប្រជាពលរដ្ឋដែលលេងកម្សាន្តនៅតាមភូមិស្រុក និងតាមទីតាំងរៀបចំកម្មវិធីនានា។ ជាមួយគ្នានេះ តាមគោលដៅទេសចរណ៍ខេត្តមួយចំនួនបានរៀបចំព្រឹត្តិការណ៍ផ្សេងៗ ដើម្បីទាក់ទាញទេសចរណ៍ឱ្យមកកម្សាន្តខេត្តរបស់ខ្លួន ក្នុងនោះខេត្តត្បូងឃ្មុំបានរៀបចំព្រឹត្តិការណ៍បុណ្យអុំទូកបណ្តែតប្រទីប ភូមិមួយផលិតផលមួយ ការប្រគុំតន្ដ្រីខ្នាតយក្ស និងការបាញ់កាំជ្រួច។ ទន្ទឹមនេះ ខេត្តកំពង់ឆ្នាំង ក៏មានរៀបចំព្រឹត្តិការណ៍ទេសចរណ៍ជំនឿព្រះពុទ្ធសាសនាដែលមានការចូលរួមពីទេសចរបរទេសផងដែរ និងការរៀបចំកម្មវិធីដ៏ទៃទៀតនៅគ្រប់រាជធានី ខេត្ត ពិសេសនៅតាមទីប្រជុំជនទីរួមខេត្ត ទីរួមស្រុក តំបន់គោលដៅទេសចរណ៍សំខាន់ៗ វត្តអារាម និងនៅតាមភូមិ ស្រុកនានា គឺជាកត្តាដែលបានទាក់ទាញទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរកម្សាន្តយ៉ាងច្រើនកុះករ។

ក្រសួងទេសចរណ៍បានឱ្យដឹងថា សភាពការណ៍សន្តិសុខ សណ្តាប់ធា្នប់ សុវត្ថិភាព ការគ្រប់គ្រងចរន្តភ្ញៀវ និងការគ្រប់គ្រងគុណភាព និងតម្លៃសេវាទេសចរណ៍នានា មានភាពល្អប្រសើរ កម្លាំងមានសមត្ថកិច្ចទាំងនៅថ្នាក់ជាតិ និងគណៈបញ្ជាការឯកភាពរាជធានី ខេត្ត បានអនុវត្តន៍ការងារប្រកបដោយការទទួលខុសត្រូវខ្ពស់។

សូមជម្រាបជូនថា គោលដៅទេសចរណ៍សំខាន់ៗរយៈពេល០៣ថ្ងៃនេះ រួមមាន៖ ១. ខេត្ដត្បូងឃ្មុំ : ៤៤០ ៣០០ នាក់, ២. បាត់ដំបង : ២១១ ៣២៩ នាក់, ៣. កំពង់ឆ្នាំង : ១៦៨ ០៦១ នាក់, ៤. ព្រះសីហនុ : ១៥៧ ០៤៦ នាក់ និង ៥. សៀមរាប : ១២៥ ៤៤៩ នាក់៕


ប្រភព៖ AKP