ព្រះសីហនុ៖ ការបង្កើនការអប់រំផ្សព្វផ្សាយ ស្តីពីច្បាប់ចរាចរាចណ៍ និងការរឹតបន្តឹងច្បាប់ ចរាចរណ៍តាមគោលដៅសំខាន់នានាជារឿងសំខាន់នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ដើម្បីជួយ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការស្លាប់ និងរបួសស្នាម។ នេះជាការលើង ឡើងរបស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងឱកាស ដែលឯកឧត្តមបានអញ្ជើញ ជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាន ខេត្តព្រះសីហនុ មន្ត្រីអគ្គិភ័យមកពីមូលដ្ឋានសមុទ្រ អង្គភាព ង-៧០ កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ សឹករងព្រះសីហនុ និងក្រុមហ៊ុនប្រេង នៅស្នងការខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១៣រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ទាក់ទងនឹង ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ បងប្អូនកងកម្លាំងរបស់យើងមិនបានឈប់សម្រាកនោះទេ មានតែបង្កើនការប្រុងប្រយ័ត្ន ល្បាត ប្រចាំការ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិដែលមកលេងកម្សាន្តខេត្តព្រះសីហនុ ក៏ប៉ុន្តែសម្រាប់មន្ត្រីរាជការបានឈប់សម្រាកជួបជុំក្រុមគ្រួសារ សប្បាយរីករាយ ព្រោះយើងជា កងកម្លាំងត្រូវមានភារកិច្ច ការលះបង់ និងស្មារតីទទួលខុសត្រូវក្នុងការចូលរួមការថែរក្សាសុខសុវត្តិភាពជូនបងប្អូនប្រជាពលរដ្ឋ ដោយបង្កើនការទទួលខុសត្រូវ ព្រោះភ្ញៀវទេសចរបង្កើនការដើរលេងកម្សាន្ត ក៏ប៉ុន្តែកងកម្លាំងរបស់យើងត្រូវមានភារកិច្ចមមាញឹកជាងមុន ក្នុងការការពារសន្តិសុខ សុវត្ថិភាព។
ទន្ទឹមនោះ បងប្អូនខាងផ្នែកអគ្គិភ័យ ក៏ត្រូវត្រៀមលក្ខណសម្បត្តិក្នុងការ ជួយអន្តរាគន៍ជួយសង្គ្រោះនៅពេលមានគ្រោះអគ្គិភ័យកើតមានឡើងដោយយថាហេតុណាមួយ ដោយសារការដុតទៀនធូបរបស់ប្រជាពលរដ្ឋ ឬដោយប្រការណាមួយ។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសេច ក្តីនឹងរលឹកពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់កងកម្លាំងក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជូនចំពោះអស់លោកជានាយ នាយរង និងកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ពិតហើយថា រដូវ ភ្ជុំបិណ្ឌជារដូវឈប់សម្រាក តែកងកម្លាំងរបស់យើងមានភារកិច្ចកាន់តែច្រើន ពិសេសផ្នែក ចរាចរណ៍ផ្លូវគោក ត្រូវបង្កើនការអបរំផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ នៅតាមចំណុច គោលដៅនានាក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ស្លាប់ និងរបួសស្នាម ព្រោះគុណតម្លៃនៃការអប់រំផ្សព្វផ្សាយវាបានទទួលលទ្ធផលធំធេងណាស់ ក្នុងការចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។

ឯកឧត្តម ខេត្តព្រះសីហនុ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បើកបរត្រូវមានការប្រុងប្រយ័តឱ្យបានខ្ពស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ ផ្លូវគោកឱ្យបានគ្រប់គ្នា មន្ត្រីរបស់យើងមិនចង់ធ្វើការផាកពិន័យនោះទេ ប្រសិនបើបងប្អូន ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ធ្វើឱ្យកម្ពុជាគ្នានគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយការបាត់បង់អាយុជីវិតមនុស្ស និងពិការភាពជាដើម។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក៏បាននាំយកថវិកាសម្តេចធិបតី ហ៊ុន ម៉ាណែត ឧបត្ថម្ភជូនកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កម្លាំងអគ្គិភ័យសិករងព្រះសីហនុ កំពង់ផែស្វយ័តក្រុងព្រះសីហនុ អង្គភាព ង-៧០ មូលដ្ឋានសមុទ្រ និងក្រុមហ៊ុនប្រេង ដែលបានចូលរួមប្រកបដោយបរិយាកាសស្និទ្ធស្នាល៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា