ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងរបស់ ឯកឧត្តម ងួន ណារ៉ា ជាប្រធានសាលាដំបូងរាជធានីភ្នំពេញ ជំនួស ឯកឧត្តម តាំង ស៊ុនឡាយ ដែលត្រូវបានតែងតាំងជា អនុប្រធានតុលាការកំពូលកាលពីព្រហស្បតិ៍ ១៣រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។
នៅក្នុងពិធីនោះថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះឯកឧត្តម ងួន ណារ៉ា អតីតប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ ដែលត្រូវបានតែងតាំងជាប្រធានសាលាដំបូងរាជធានីភ្នំពេញនាឱកាសនេះ។ ទន្ទឹមនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម តាំង ស៊ុនឡាយ ដែលបានដឹកនាំសាលាដំបូងរាជធានីភ្នំពេញចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២៣ នេះនិងថ្នាក់ដឹកនាំនៃសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានរួមចំណែកក្នុងការធានាបាននូវការថែរក្សាស្ថិរភាពសង្គម សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានសាមគ្គីផ្ទៃក្នុងល្អ និងមានកិច្ចសហការល្អជាមួយនឹងអាជ្ញាធរអនុវត្តច្បាប់តាមមូលដ្ឋាននាពេលកន្លងមក។
ពិធីនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្តមមាន ចាន់យ៉ាដា អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តមសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ឯកឧត្តមអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ឯកឧត្តមប្រធានសាលាដំបូង និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តនានា ព្រមទាំងលោក លោកស្រីជាចៅក្រម ព្រះរាជអាជ្ញារង ក៏ដូចជាមន្រ្តីតុលាការមួយចំនួនទៀតផងដែរ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា