បាត់ដំបង៖ នៅថ្ងៃចន្ទ ១០រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១១និង៣០នាទី ត្រង់ចំណុចក្រុមទី១២ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីលួច (ម៉ូតូ) មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានលួចម៉ូតូរបស់ជនរងគ្រោះឈ្មោះ សេង ដានី ភេទស្រី អាយុ៥៦ឆ្នាំ មានទីលំនៅភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ស្លាកលេខ បាត់ដំបង 1K-6669 ជិះយកទៅបាត់។
ក្រោយពីទទួលបណ្តឹងជនរងគ្រោះ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលនិតីវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវកំណត់អត្តសញ្ញាណឈានដល់ការនាំខ្លួនជនសង្ស័យម្នាក់ឈ្មោះ មាស រតនា ហៅ អូន ភេទប្រុស អាយុ ៥៥ឆ្នាំ មានទីលំនៅភូមិចំការសំរោង សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីសាកសួរ។ ក្រោយពីបានសាកសួរជនសង្ស័យ បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។ សម្ភារៈដកហូតបានរួមមាន៖
-ម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១១ ពណ៌ខ្មៅចំនួន ០១គ្រឿង
-ស្លាកលេខម៉ូតូសៀមរាប 1K-6669
-កញ្ចក់ម៉ូតូចំនួន ០១គូរ ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានបញ្ជូនខ្លួនជនសង័្សយខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ