កំពង់ចាម៖ តាមសេចក្ដីរាយការណ៍ របស់ពីកម្លាំងនគរបាលសណ្តាប់ធ្នាប់ នៃអធិការដ្ឋានក្រុងកំពង់ចាម ឲ្យដឹងថា មានករណីភ្លើងឆេះស្ថានីយ៍ប្រេងសាំង ១៧៩ មួយកន្លែង នាថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២៣ វេលាម៉ោង ០៧.៥០នាទី នៅចំណុចភូមិទី៦(ក) សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
ប្រភពដដែល ឲ្យដឹងដែរថា ក្រោយពីទទួលព័ត៌មាននេះភ្លាម លោកក៏បានបញ្ជាកម្លាំងជំនាញអធិការដ្ឋានក្រុង និងកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់វាលវង់ សហការជាមួយកម្លាំងការិយាល័យ ដឹកនាំដោយលោកវសេណីយ៍ឯក យ៉ន ឌីន នាយការិយាល័យបង្ការ ពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម បានចុះដល់កន្លែងកើតហេតុ ជួយអន្តរាគមន៍ ។ តែពេលនោះ ម្ចាស់ស្ថានីយ៍ បានពន្លត់ រលត់ ១០០% រួចទៅហើយ ។ ប្រភព ក៏បានបញ្ជាក់ដែរថា ម្ចាស់គ្រប់គ្រងស្ថានីយ៍ប្រេងឥន្ធនៈនោះ មានឈ្មោះ គឹម សេង ភេទប្រុស អាយុ ៥៣ឆ្នាំ ជាតិខ្មែរ ស្នាក់នៅកន្លែងកើតហេតុ ។
ទោះយ៉ាងណា មូលហេតុដែលបណ្ដាលឲ្យភ្លើងឆាបឆេះនេះ ដោយសារឆ្លងចរន្តអគ្គីសនីម៉ូទ័របូមប្រេង ហើយបណ្តាលឲ្យរបួសមនុស្ស ០១នាក់ ក្នុងកម្រិតស្រាល និងមិនបង្កការខូចខាតទ្រព្យសម្បត្តិផ្សេងៗ ទៀតឡើយ ៕
ប្រភព៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម