ព្រះសីហនុ៖ សមត្ថកិច្ចឲ្យដឹងថា មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានចូលទៅប្លន់ នៅផ្ទះលក់ចាប់ហួយរបស់ប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅឃុំទំនប់លក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីវេលាម៉ោងជិត៩យប់ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ ដោយបន្លំថាទិញស្រាបៀរ។ បន្ទាប់មកឲ្យកូនប្រុសម្ចាស់ផ្ទះម្នាក់ទៅជាមួយខ្លួនថាទៅយកលុយ ក្រោយមកក្រុមនេះត្រឡប់ម្តងទៀត រួចក៍ធ្វើសកម្មភាពប្លន់ផ្ទះលក់ចាប់ហួយនេះយកបានមាស ប្រាក់មួយចំនួន ក្នុងនោះជនល្មើសប្រើដំបងវា.យម្ចាស់ផ្ទះបណ្តាលឲ្យម្ចាស់ផ្ទះជាស្ត្រី ចំនួន២នាក់ រងរបួសធ្ងន់ នៅកន្លែងកើតហេតុ ចំណែកកូនប្រុសម្ចាស់ផ្ទះម្នាក់ទៀតដែលក្រុមជនល្មើសនាំប្រាប់ថាឲ្យទៅយកលុយនោះមិនឃើញត្រឡប់មកវិញទេ។
សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះដែលរងរបួសរួមមានឈ្មោះ ខុន រី ភេទស្រីអាយុ៣៦ឆ្នាំ ត្រូវជាក្មួយម្ចាស់ផ្ទះ និងឈ្មោះ ហុឹម ខេន ភេទស្រី អាយុ៨១ឆ្នាំ ជាម្ចាស់ផ្ទះ ចំណែកកូនប្រុសម្ចាស់ផ្ទះដែលបាត់ខ្លួននោះឈ្មោះ ហុឹម ប៉ូឡូ ភេទប្រុសអាយុ៤៣ឆ្នាំ។ សមត្ថកិច្ចឲ្យដឹងបន្ថែមថា គិតត្រឹមព្រឹកថ្ងៃទី១០តុលា២០២៣ សមត្ថកិច្ចរកឃើញសាកសព កូនប្រុសម្ចាស់ផ្ទះបញ្ជាក់ថាស្លាប់ហើយនៅក្នុងព្រៃខាងក្រោយផ្ទះជនរងគ្រោះ ប្រហែលជិត១០០ម៉ែត្រ។ ករណីនេះ សមត្ថកិច្ចចម្រុះ កំពុងបើកប្រតិបត្តិការស្រាវជ្រាវរកក្រុមជនល្មើស៕
ប្រភព៖ ឡេង ប៊ុននី Leng Bunny