សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងនិស្សិតរបស់យើងដែលកំពុងមានវត្ដមាននៅប្រទេសអ៊ីស្រាអែលជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល ដើម្បីទទួលនូវការការពារ និងសុវត្ថិភាព

0

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបានអះអាងថា សុវត្ថិភាពរបស់ប្រជាពលរដ្ឋយើងនៅប្រទេសអ៊ីស្រាអែល ជាពិសេសនិស្សិត ជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាលដែលយើងបានខិតខំបន្តជាប់ជាប្រចាំទាំងយប់ទាំងថ្ងៃដើម្បីធានា និងសហការជាមួយរដ្ឋាភិបាលអ៊ីស្រាអែល ធ្វើយ៉ាងណាឱ្យនិស្សិតរបស់យើងនៅទីនោះទទួលបាននូវការការពារ និងទទួលបាននូវសុវត្ថិភាព។ ការអះអាងរបស់សម្ដេចធិបតីបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៃយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខា ភ្នំពេញ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា តាងនាមឱ្យរាជរដ្ឋាភិបាលសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារសពនិស្សិតខ្មែររបស់យើងមួយរូបគឺលោក ចាន់ ឧត្តម ដែលបានបាត់បង់ជីវិតនៅក្នុងការប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែលនិងកងទ័ពហាម៉ាស ដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី០៧ ខែតុលាកន្លងមកនេះ ។ សម្ដេចធិបតីបានថ្លែងបញ្ជាក់ថា៖«ខ្ញុំយកឱកាសនេះបញ្ជាក់ជូនជនរួមជាតិទាំងអស់ឱ្យបានជ្រាបថា ជាពិសេសនិស្សិតរបស់យើងដែលកំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល ក៏ដូចជាគ្រួសាររបស់ខ្លួននៅប្រទេសកម្ពុជាថា សុវត្ថិភាពរបស់ប្រជាពលរដ្ឋយើងនៅប្រទេសអ៊ីស្រាអែល ជាពិសេសនិស្សិតរបស់យើងជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាលដែលយើងបានខិតខំបន្តជាប់ជាប្រចាំខិតខំទាំងយប់ទាំងថ្ងៃដើម្បីធានា និងសហការជាមួយរដ្ឋាភិបាលអ៊ីស្រាអែល ដើម្បីឱ្យនិស្សិតរបស់យើងនៅទីនោះទទួលបាននូវការការពារនិងទទួលបាននូវសុវត្ថិភាពរបស់ខ្លួន»។

សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានបន្ថែមថា ចាប់តាំងពីថ្ងៃដំបូងនៃសង្រ្គាមផ្ទុះឡើងសម្តេចបានចេញបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធមានចាប់ផ្តើមស្រាវជ្រាវរកពលរដ្ឋខ្មែរមានប៉ុន្មាននាក់នៅកន្លែងសុវត្ថិភាពហើយ ឬនៅ ដែលមកដល់ពេលនេះយើងស្រាវជ្រាវរកឃើញមានចំនួន ៤៥០ នាក់ ហើយយើងបានជន្លៀសមកកាន់កន្លែងសុវត្តិភាពចំនួន ៣២៣នាក់ នៅសល់ប្រមាណ ១៣១ នាក់ទៀតដែល ស្ថិតនៅកន្លែងហានិភ័យ ដែលយើងកំពុងសហការជាមួយរដ្ឋាភិបាលអ៊ីស្រាអែល ៕

ប្រភព៖ ទីភ្នាកង់ារសារព័ត៌មានកម្ពុជា