ភ្នំពេញ៖ ក្រសួងព័ត៌មាន នឹងបង្កើតក្រុមការងារព័ត៌មានរួមមួយរវាងក្រសួង ស្ថាប័នទាំងអស់ ដើម្បីផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមក និងជួយគ្នាវាយបកវិញ ខណៈពេលមានព័ត៌មានក្លែងក្លាយទាក់ទងជាមួយក្រសួង ស្ថាប័នណាមួយនោះ។ នេះគឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងកិច្ចប្រជុំក្រុមការងារព័ត៌មានអន្តរក្រសួង-ស្ថាប័ន ចំនួន ៣០ និងអង្គភាពពាក់ព័ន្ធ នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន។
ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិក្នុងការផ្លាស់ប្តូរព័ត៌មាននេះ នឹងជួយធ្វើការផ្សាយនូវសមិទ្ធិផល និងសកម្មភាពនានារបស់ក្រសួង ស្ថាប័នឱ្យបានទូលំទូលាយ តាមប្រព័ន្ធផ្សព្វផ្សាយជាតិ និងឯកជន។ ឯកឧត្ដមបន្ដថា តាមរយៈកិច្ចប្រជុំនាឱកាសនេះ នឹងឈានទៅបង្កើតក្រុមការងារព័ត៌មានរួមមួយរវាងក្រសួង ស្ថាប័នទាំងអស់ ដើម្បីជាភាពងាយស្រួលក្នុងការធ្វើទំនាក់ទំនង ផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមក ជួយគ្នាវាយបកវិញនៅពេលមានព័ត៌មានក្លែងក្លាយទាក់ទងជាមួយក្រសួង ស្ថាប័នណាមួយ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដទៀតថា ការបង្កើតក្រុមព័ត៌មានរួមនេះគឺ ផ្តោតសំខាន់លើការផ្សព្វផ្សាយព័ត៌មានឱ្យបានច្រើន ព្រោះថានៅក្នុងទ្រឹស្តីនៃព័ត៌មាន “យើងធ្វើច្រើន តែបើយើងអត់ផ្សាយគឺស្មើនឹងយើងអត់ធ្វើ “ ។
ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា មានប្រសាសន៍ថា នៅក្នុងអាណត្តិទី៧នេះ បានកំណត់ចក្ខុវិស័យរបស់ក្រសួងព័ត៌មាន ដែលត្រូវតែក្លាយទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ដែលប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធិភាព និងគុណភាព មានន័យសំដៅដល់ក្រសួងព័ត៌មាន ត្រូវដើរតូនាទីជាសំឡេងរបស់រាជរដ្ឋាភិបាល នៅពេលរាជរដ្ឋាភិបាលត្រូវការគឺតាមរយៈមធ្យោយបាយធំៗ ៤ របស់ក្រសួងព័មាន រួមមាន ទី១ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ទី២ អគ្គនាយកដ្ឋានវិទ្យុជាតិ ,ទី៣ អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) និងទី៤ App របស់ក្រសួងព័ត៌មាន ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា ដូច្នេះក្រសួងព័ត៌មាន ដែលជាសេនាធិការមួយរបស់រាជរដ្ឋាភិបាល ហើយគ្រប់គ្រងលើប្រព័ន្ធផ្សព្វផ្សាយ នឹងគាំទ្រដល់ក្រសួង ស្ថាប័ន ទាំងអស់ដែលសម្រេចបានលទ្ធផលការងារនិងសកម្មភាពរបស់ថ្នាក់ដឹកនាំ ជារួមសម្រាប់ប្រទេសជាតិ គឺក្រសួងជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ តាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិ។
តាមរយៈកិច្ចការងារនេះ ឯកឧត្តមរដ្ខមន្រ្តីក្រសួងព័ត៌មានស្នើដល់ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធនានា ផ្តល់ជាអត្ថបទខ្លឹមសារ រូបថត និងរូបជាវីដេអូ ដើម្បីពិនិត្យជ្រើសរើសយកចំណុចសំខាន់ៗសម្រាប់ការផ្សព្វផ្សាយ បានទូលំទូលាយ លឿនរហ័ស ពិត ផ្តល់ការជឿទុកចិត្តបាន ។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្ដី ក៏បានស្នើឱ្យមានកិច្ចសហការក្នុងការបណ្តុះបណ្តាលធនធានមនុស្សដែលអនុវត្តន៍លើកិច្ចការងារព័ត៌មាន នៅតាមក្រសួង ស្ថាប័ន ឱ្យបានកាន់តែច្រើនបន្ថែមទៀត ហើយក៏បានស្នើដល់អ្នកគ្រប់គ្រង ផេក គេហទំព័រ តាមក្រសួង ស្ថាប័ន ទាំងអស់គួរតែមានកិច្ចសហការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីដាក់ឡាយសិន សម្រាប់ការពារផេកឱ្យបានល្អរឹងមាំ។
សូមជម្រាបជូនផងដែរថា កិច្ចប្រជុំនាឱកាសនេះដែរ គឺដើម្បីពង្រឹងកិច្ចសហការរវាង ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ក្រុមការងារព័ត៌មានតាមក្រសួង ស្ថាប័ន ជាមួយក្រុមការងាររបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារផេក សម្តេចអធិបតី ហ៊ុន ម៉ាណែត៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា