បាត់ដំបង៖ នៅថ្ងៃអាទិត្យ ៩រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១១និង៣០នាទី នៅចំណុចបរិវេណវត្តពោធិ៍រាម ត្រង់ចំណុចក្រុមទី១៨ ស្ថិតក្នុងភូមិពោធិ៍១ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើប្រាស់ប៉ែកជីកដី) មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យម្នាក់ ឈ្មោះ ង៉ាន ផៃ អាយុ៤៣ឆ្នាំ រស់នៅភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង ប្រដាប់ដោយប៉ែលជីកដី (ដងឈើផ្លែដែក) បានធ្វើសកម្មភាពវាយទៅលើប្រពន្ធឈ្មោះ អែង មេង អាយុ៣៥ឆ្នាំ រស់នៅជាមួយគ្នា ចំក្បាលពីលើបណ្តាលអោយរងរបួសធ្ងន់។
ក្រោយទទួលព័ត៌មាន ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងអធិការដ្ឋាននគរបាលស្រុកមោងឬស្សី សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋានស្រុកមោងឬស្សី ដឹកនាំដោយលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឬស្សី បានចុះធ្វើការបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ង៉ាន ផៃ មកកាន់អធិការដ្ឋាននគរបាលស្រុកមោងឬស្សី ដើម្បីធ្វើការសាកសួរ ក្រោយពីសាកសួជនសង្ស័យបានសារភាពថាពិតជាបានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះពិតប្រាកដមែន ដោយសារខឹងប្រពន្ធស្ដីបន្ទោសរឿងផឹកស៊ីទើបបង្កជាហិង្សាតែម្តង។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ