ម៉ូតូនិងម៉ូតូបុកគ្នាពេញទំហឹង បណ្តាលអោយស្លាប់ម្នាក់និងរបួសធ្ងន់០២នាក់

0

បាត់ដំបង៖ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៨និង៤០នាទី នៅចំណុចក្រុមទី៩ ភូមិគីឡូ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនិងម៉ូតូ បណ្តាលអោយមនុស្សស្លាប់ម្នាក់និងរងរបួសធ្ងន់ចំនួន ០២នាក់។

លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានរាយការណ៍អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1C-4699 បើកបរដោយឈ្មោះ វ៉ាត់ ចាន់ជីវ័ន្ត ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិផ្សារព្រំ សង្កាត់ស្ទឹងកាច់ ក្រុងសាលាក្រៅ ខេត្តប៉ៃលិន របួសធ្ងន់ (បាក់ជើងខាងស្ដាំ) និងអ្នករួមដំណើរឈ្មោះ ញឹម គឹមសៀ ភេទស្រី អាយុ២១ឆ្នាំ រស់នៅភូមិដូង សង្កាត់ស្ទឹងកាច់ ក្រុងសាលាក្រៅ ខេត្តប៉ៃលិន របួសធ្ងន់ (បាក់ជើងស្ដាំ) បានបើកបរដល់ចំណុចកើតហេតុក៏បុកជាមួយម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ពណ៌ក្រហម ពាក់ស្លាកលេខ 1AJ-5702 បើកបរដោយឈ្មោះ ហឿប រ៉េត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិជាមន្រ្តី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បណ្ដាលអោយស្លាប់នៅកន្លែងកើតហេតុ ដោយម៉ូតូទាំងពីរបើកបរក្នុងទិសដៅច្រាស់ទិសគ្នាពីកើតទៅលិច។

តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌលបានបញ្ជាក់ថា អ្នកបើកបរម៉ូតូមិនប្រយ័ត្ន ទើបបុកគ្នាពេញទំហឹងតែម្ដង។ បច្ចុប្បន្ន នគរបាលស្រុករតនមណ្ឌលបានយកមធ្យោបាយបង្ក និងវត្ថុតាងបានយកទៅរក្សារទុកនៅការិយាល័យជំនាញខេត្ត ដើម្បីដោះស្រាយតាមនីតីវិធី។ ជនរងគ្រោះរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ ចំណែកឯសាកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុនិងប្រគល់ទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ