អ្នកប្រើប្រាស់ប័ណ្ណ ប.ស.ស. ជិត ១,២លាននាក់ ទៅទទួលសេវាថែទាំសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង

0

ភ្នំពញ៖ បើគិតចាប់តាំងពីឆ្នាំ២០១៧ រហូតមកដល់ត្រឹមខែកញ្ញា ឆ្នាំ២០២៣ មានអ្នកជម្ងឺប្រមាណជិត ១,២លាននាក់ បានទៅទទួលសេវាពិនិត្យ និង ព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះអង្គឌួង។ នេះបើយោងតាមការបញ្ជាក់ពីលោកស្រី ឃួន វ៉ាន់ឌី អនុប្រធានការិយាល័យផ្នែក ប.ស.ស. នៃមន្ទីរពេទ្យព្រះអង្គឌួង។

លោកស្រី ឃួន វ៉ាន់ឌី បានបញ្ជាក់ថា បើទោះបីជាប្រជាពលរដ្ឋដែលប្រើប័ណ្ណ ប.ស.ស. រឺ ប័ណ្ណសមធម៌ រឺអ្នកត្រូវបង់ប្រាក់ដើម្បីទទួល សេវាពិនិត្យ និងព្យាបាលជំងឺក៏ដោយ គឺសុទ្ធតែជាអ្នកជំងឺរបស់មន្ទីរពេទ្យដូចគ្នាទាំងអស់។ ដូចនេះ សម្រាប់អ្នកជំងឺដែលប្រើប័ណ្ណ ប.ស.ស. ក៏ទទួលបានការយកចិត្តទុកដាក់ដូចគ្នាពីក្រុមគ្រូពេទ្យដែរ។ លោកស្រីបាននិយាយថា ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យព្រះអង្គឌួង និងមន្ត្រីផ្នែក ប.ស.ស. ដែលប្រចាំការក្នុងមន្ទីរពេទ្យនេះ បានសហការគ្នាយ៉ាងល្អក្នុងការសម្របសម្រួលឱ្យមានភាពងាយស្រួល និងរហ័ស សម្រាប់ អ្នកជំងឺដែលមកទទួលសេវាពិនិត្យសុខភាព និងព្យាបាលជំងឺនៅមន្ទីរពេទ្យនេះ។ លោកស្រីសូមលើកទឹកចិត្តដល់អ្នកមានប័ណ្ណ ប.ស.ស. ទាំងអស់ឱ្យទៅទទួលសេវាពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះអង្គឌួងសម្រាប់គ្រប់ផ្នែកទាំងអស់ ដែលរួមមានផ្នែកច្រមុះ បំពង់ក ផ្នែកភ្នែក ផ្នែកសម្ភព និងរោគស្ត្រី ផ្នែកមាត់ធ្មេញ និងផ្នែកជំងឺទូទៅជាដើម។

ចំណែកលោក ម៉ៅ សុភក្តី ប្រធានក្រុមភ្នាក់ងារ ប.ស.ស. ប្រចាំនៅមន្ទីរពេទ្យព្រះអង្គឌួងបានបញ្ជាក់ថា ជាមធ្យមក្នុងថ្ងៃធម្មតា មានអ្នកជំងឺ ប្រមាណ ៦០០នាក់ទៅទទួលសេវាពិនិត្យ និងព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យមួយនេះដោយប្រើប្រាស់ប័ណ្ណ ប.ស.ស.។ ដោយឡែក សម្រាប់ថ្ងៃអាទិត្យ ចំនួននេះអាចកើនឡើងដល់ជាង ១.០០០នាក់។ លោកបានមើលឃើញថា ពីមួយឆ្នាំទៅមួយឆ្នាំ អ្នកប្រើប័ណ្ណ ប.ស.ស. ដែលទៅទទួលសេវាពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះអង្គឌួងកាន់តែមានការកើនឡើង ដោយជាមធ្យមក្នុងមួយខែអាចមានប្រមាណ ៣០.០០០នាក់។ ដូចនេះហើយ ទើបមន្ត្រីផ្នែក ប.ស.ស. ត្រូវប្រចាំការឆ្លាស់វេនគ្នា ២៤ម៉ោងលើ ២៤ម៉ោង ចាប់ពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យនៅ ក្នុងមន្ទីរពេទ្យព្រះអង្គឌួង ដើម្បីរង់ចាំសម្រួលដល់អ្នកដែលទៅទទួលសេវាពិនិត្យ និងព្យាបាលជំងឺដែលមានប័ណ្ណ ប.ស.ស.។

 

ចំពោះលោកស្រី ជា ស៊ីវន ជាប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញដែលបានទៅទទួលសេវាពិនិត្យ និងព្យាបាលជំងឺនៅ មន្ទីរពេទ្យ ព្រះអង្គឌួងចំនួន ៤ដងមកហើយនោះ បានបញ្ជាក់ថា ការប្រើប្រាស់ប័ណ្ណ ប.ស.ស. គឺទទួលបានអត្ថប្រយោជន៍ និងចំណេញថវិកាច្រើន ព្រោះមុនពេលចូលជាសមាជិក ប.ស.ស. លោកស្រីត្រូវចំណាយថវិកាប្រមាណ ៧០០ដុល្លារអាម៉េរិកក្នុងការព្យាបាលជំងឺភ្នែករបស់លោកស្រី ប៉ុន្តែក្រោយពេលលោកស្រីបានបង់ភាគទានប្រចាំខែប្រមាណ ១៥.៦០០រៀលក្នុងមួយខែដើម្បីចូលជាសមាជិក ប.ស.ស. សម្រាប់បុគ្គល ស្វ័យនិយោជន៍បានរយៈពេល ៤ខែមកហើយនោះ លោកស្រីនៅតែបន្តមកពិនិត្យ និងព្យាបាលជំងឺដោយមិនមាន ចំណាយប្រាក់ អ្វីទាំងអស់ ហើយក៏ទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យទៀតផង។

 

 

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់វិស័យឯកជន (កម្មករនិយោជិត) ចាប់ពីឆ្នាំ២០១៦ មក និងសម្រាប់វិស័យសាធារណៈ (មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ អតីតយុទ្ធជន) ចាប់ពីឆ្នាំ២០១៨។

របាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ សមាជិកដែលប្រើប្រាស់របប សន្តិសុខ សង្គម ផ្នែកថែទាំសុខភាពមានចំនួនសរុបជាង ៣,២លាននាក់ ដោយនៅក្នុងនោះ ក្នុងឆមាសទី១ ឆ្នាំ២០២៣ អ្នកដែលបានប្រើ ប្រាស់ប័ណ្ណ ប.ស.ស. សម្រាប់ទទួលសេវាថែទាំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលរបស់រដ្ឋ និងឯកជន មានចំនួនជិត ២,២លាននាក់។ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ មានមូលដ្ឋានសុខាភិបាលចំនួន ១.៥១៨កន្លែងបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. នៅទូទាំងប្រទេសកម្ពុជា ដែលរួមមានទាំងមន្ទីរពេទ្យថ្នាក់ជាតិ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងមូលដ្ឋានសុខាភិបាលឯកជន៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា