កម្ពុជាទទូចឱ្យសហគមន៍អន្តរជាតិ បង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ដើម្បីសម្របសម្រួលកិច្ចសន្ទនា និងកិច្ចចរចារឆ្ពោះទៅរកសន្តិភាព ក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែលនិងក្រុមហាម៉ាស់

0

ភ្នំពេញ៖ កម្ពុជាទទូចឱ្យសហគមន៍អន្តរជាតិ បង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ដើម្បីសម្របសម្រួល​កិច្ចសន្ទនា និងកិច្ចចរចាប្រកបដោយអត្ថន័យ ឆ្ពោះទៅរកសន្តិភាពស្ថិតស្ថេរ និងប្រកបដោយយុត្តិធម៌ នៅក្នុងហេតុការណ៍ ប្រយុទ្ធគ្នារវាង​កងទ័ពអ៊ីស្រាអែលនិងក្រុមហាម៉ាស់ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ចេញផ្សាយថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០២៣។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវ សេចក្តីសោកស្ដាយជាពន់ពេក​ចំពោះការផ្ទុះ​ឡើងនូវការវាយប្រយុទ្ធគ្នានៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។ ការកើនឡើងនូវអំពើហិង្សាដ៏គួរឱ្យរន្ធត់នេះ បានបណ្ដាលឱ្យប្រជាជនស្លូតត្រង់ រាប់រយនាក់បាត់បង់ជីវិត រួមទាំងនិស្សិតកម្ពុជាមួយរូបនៅក្នុងប្រទេសអ៊ីស្រាអែល។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះគ្រួសារនៃសព របស់ភាគីទាំងពីរដែលបានបាត់បង់មនុស្សជាទីស្រឡាញ់។

ក្នុងសេចក្តីថ្លែងការណ៍បន្តថា ដោយចាត់ទុកសុវត្ថិភាពរបស់ជនស៊ីវិលទាំងអស់ រួមទាំងប្រជាពលរដ្ឋកម្ពុជា ជាអាទិភាពចម្បង កម្ពុជា​សូមអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ អនុវត្តន៍ ការអត់ធ្មត់ឱ្យបានខ្ពស់បំផុត និងស្វែងរក មធ្យោបាយនានាដើម្បីកាត់បន្ថយអំពើហិង្សា និងឆ្ពោះទៅរកបទឈប់បាញ់ ដោយផ្តោតអាទិភាព លើការការពារអាយុជីវិតជនស៊ីវិល និងការគោរពខ្ជាប់ខ្ជួននូវច្បាប់មនុស្សធម៌អន្តរជាតិ កម្ពុជា សូមថ្កោលទោសគ្រប់ទម្រង់នៃអំពើហិង្សា និងសកម្មភាពភេរវកម្ម។ ទន្ទឹមនេះ កម្ពុជា ទទូចឱ្យសហគមន៍អន្តរជាតិ បង្កើនកិច្ចខិតខំ​ប្រឹងប្រែងទ្វេដង ដើម្បីសម្របសម្រួលកិច្ច សន្ទនា និងកិច្ចចរចារប្រកបដោយអត្ថន័យ ឆ្ពោះទៅរកសន្តិភាពស្ថិតស្ថេរ និងប្រកបដោយ​យុត្តិធម៌។ ភាគីទាំងអស់ចាំបាច់ត្រូវចូលរួមក្នុងកិច្ចសន្ទនាស្ថាបនា សំដៅដោះស្រាយឬសគល់នៃជម្លោះ និង ស្វែងរកដំណោះស្រាយ​ដែលគ្រប់ភាគីទាំងអស់អាចទទួលយកបាន។  កម្ពុជា សង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្ដោតអាទិភាពចម្បងលើការស្វែងរកសន្តិភាព យុត្តិធម៌ និងសន្តិសុខសម្រាប់ប្រជាជនទាំងអស់នៅក្នុងតំបន់។ គ្រប់ភាគីពាក់ព័ន្ធចាំបាច់ត្រូវចូលរួមធ្វើការ ជាមួយគ្នា ដើម្បីស្វែងរកដំណោះស្រាយ​សន្តិវិធីដែលធានាបាននូវសុខមាលភាព និងសុវត្ថិភាព សម្រាប់គ្រប់គ្នា។


គួរបញ្ជាក់ដែរថា នៅប្រទេសអ៊ីស្រាអែល មានពលរដ្ឋកម្ពុជា ដែលភាគច្រើនជានិស្សិត កំពុងស្នាក់នៅនិងសិក្សា ចំនួនប្រមាណ ៤៥០ នាក់ ហើយ ក្រសួងការបរទេសកម្ពុជាសូមសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះសេចក្តីរាយការណ៍អំពីការបាត់​បង់ជីវិតនិស្សិត​កម្ពុជា​ចំនួន០១រូប នៅក្នុងហេតុការណ៍ ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែលនិងក្រុមហាម៉ាស់ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ បំផុតជាមួយ​គ្រួសារសពជនរងគ្រោះ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា