ពលករខ្មែរ២នាក់ប្តីប្រពន្ធ ត្រឡប់ពីធ្វើការនៅប្រទេសថៃដល់អូរព្រំដែនបានសម្រាលកូន ត្រូវបានកងកម្លាំងជួយអន្តរាគមន៍សង្គ្រោះឆ្លងទឹកជំនន់ នៅក្នុងស្រុកម៉ាឡៃ

0

បន្ទាយមានជ័យ៖ ពលករខ្មែរ២នាក់ប្តីប្រពន្ធ ត្រឡប់ពីធ្វើការនៅប្រទេសថៃ ធ្វើដំណើរមកដល់អូរព្រំដែនបានសម្រាលកូន ត្រូវបានកងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ អន្តរាគមន៍ចុះជួយសង្គ្រោះឆ្លងទឹកជំនន់នៅថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ នៅចំណុចភូមិ-ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

​លោកវរៈសេនីយ៍ត្រី សុខ ចន្ថា ជំនួយការសេនាធិការវរៈសេនាតូចថ្មើជើងលេខ៥ ១១បានប្រាប់ថា ពលករដែលត្រឡប់ពីថៃ២នាក់នេះ ប្តីមានឈ្មោះ វ៉ាន់ ដេត អាយុ២៨ឆ្នាំ ប្រពន្ធឈ្មោះ ណា វិន អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិទួលឃ្លាំង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។

​លោកបានបញ្ជាក់ថា ពលករខ្មែរ២នាក់ប្តីប្រពន្ធ និងកូនប្រុសម្នាក់បានត្រឡប់ពីធ្វើការនៅប្រទេសថៃវិញ តាមច្រករបៀងខុសច្បាប់ ហើយពេលនោះប្រពន្ធឈឺពោះសម្រាលកូន ក្នុងទឹកដីថៃជាប់ព្រំដែន ត្រូវបានកម្លាំងជួយអន្តរាគមន៍យកធុងលាយស៊ីម៉ង់ ដាក់ឱ្យគាត់ឆ្លងអូរព្រំដែន នៅពេលដែលទឹកកំពុងជន់ និងហូរខ្លាំង និងកូនប្រុសម្នាក់ហើយស្ត្រីសម្រាលកូននេះ ត្រូវបានកម្លាំងយើងដឹកតាមម៉ូតូកង់បីទៅកាន់មណ្ឌលសុខភាពបឹងបេង ស្រុកម៉ាឡៃដើម្បីជួយសង្គ្រោះជាបន្ទាន់ ។

​លោកវរៈសេនីយ៍ត្រី សុខ ចន្ថា បានឱ្យដឹងបន្ថែមទៀតថា ក្រោយពេលដែលជួយសង្គ្រោះពលករខ្មែរ១គ្រួសារ ដែលប្រពន្ធមានផ្ទៃពោះ ហើយសម្រាលកូននៅក្បែរអូរព្រំដែនថៃ-កម្ពុជានោះ ត្រូវបានជួយអន្តរាគមន៍ទាន់ពេលវេលា សម្រាប់ប្រជាពលរដ្ឋឱ្យមានសុវត្ថិភាពគ្រប់គ្រាន់ ។

ជាមួយនោះដែរលោកក៏បានធ្វើការអំពាវនាវប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករខ្មែរ ដែលទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់ ពេលត្រឡប់មកស្រុកកំណើតវិញ ច្រើនតែលួចធ្វើដំណើរឆ្លងកាត់តាមច្រករបៀងព្រំដែន សូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះនៅពេលនេះជំនន់ទឹកភ្លៀងកំពុងតែជោរជន់លិច នៅតាមតំបន់មួយចំនួនតាមព្រំដែនក្នុងខេត្តបន្ទាយមានជ័យ, បាត់ដំបង,ខេត្តប៉ៃលិនជាដើម ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា