ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងបញ្ជាក់ថាយុទ្ធសាស្ត្ររបស់សម្តេចគឺឈរលើទ្រឹស្ដី «គិតធំ ធ្វើតូច» ។ ការថ្លែងបញ្ជាក់របស់ សម្តេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះក្នុងពិធីប្រារព្ធទិវាគ្រូបង្រៀនលើកទី២៦ (៥តុលា ២០២៣) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា យុទ្ធសាស្ត្រ របស់សម្តេចគឺឈរលើទ្រឹស្ដី «គិតធំ ធ្វើតូច» ក្នុងន័យនេះសម្ដេចធិបតីបានបញ្ជាក់ថា ជាក្របខណ្ឌគោលនយោបាយរាជរដ្ឋាភិបាលត្រូវតែគិតឱ្យបានគ្រប់ជ្រុងជ្រោយប៉ុន្តែ ការអនុវត្តជាក់ស្ដែង រាជរដ្ឋាភិបាលត្រូវតែជ្រើសរើសគន្លឹះជាអាទិភាពដើម្បីដាក់ចេញការអនុវត្តឱ្យបានចំទិសដៅប្រកបដោយភាពល្អិតល្អន់។ សម្តេចធិបតីបានបញ្ជាក់បន្ថែមថា ជាក់ស្ដែងដូចជាវិស័យទេសចរណ៍ និងពាណិជ្ជកម្មដូចជាការនាំចេញអង្ករទៅប្រទេសមួយយើងមិនមែនមើលតែប្រទេសនោះទេយើងត្រូវមើលនៅតាមទីក្រុង តាមខេត្ត របស់គេតើគេត្រូវការអង្ករអ្វី។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីក៏បានអះអាងថា ទេសចរណ៍ក៏ដូចគ្នា យើងត្រូវផ្តោតសំខាន់ទៅលើខេត្តគោលដៅទេសចរណ៍ដូចជាសៀមរាប ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ តែ៣នេះទៅគឺវាទៅហើយ ។ ដូចនេះត្រូវតែគិតឱ្យបានគ្រប់ជ្រុងជ្រោយ ឱ្យបានលម្អិត ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា