សម្ដេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀនត្រូវបានចាត់ទុកជា មាតាបិតាទីពីរ ដែលបានផ្តល់ការអប់រំទាំងចំណេះវិជ្ជា និងអត្តចរិតដល់កុលបុត្រ កុលធីតា ដែលជាទំពាំងស្នងឬស្សី

0

ភ្នំពេញ៖ ក្នុងខណៈចូលរួមអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ឆ្នាំ២០២៣ “គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀនឆ្ពោះទៅរកឧត្តមភាព” នោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងថា គ្រូបង្រៀនត្រូវបានចាត់ទុកជា មាតាបិតា ទីពីរ ដែលបានផ្តល់ការអប់រំទាំងចំណេះវិជ្ជា និងអត្តចរិតដល់កុលបុត្រ កុលធីតា របស់យើងដែលជាទំពាំងស្នងឬស្សី។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា អបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០២៣។ ចាប់ពីឆ្នាំ១៩៩៧មក ព្រះរាជាណាចក្រកម្ពុជាយើង បានរៀបចំទិវាគ្រូបង្រៀនជារៀងរាល់ឆ្នាំ នៅថ្ងៃទី៥ ខែតុលា។ សម្រាប់ប្រធានបទទិវាគ្រូបង្រៀនឆ្នាំ២០២៣នេះគឺ “គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀនឆ្ពោះទៅរកឧត្តមភាព” ក្នុងគោលបំណងដើម្បីបំផុសនូវគ្រប់ភូមិសិក្សាទូទាំងប្រទេស និងរម្លឹកពីគុណបំណាច់របស់គ្រូបង្រៀន ដែលបានចំណាយពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ស្មារតី និងវិជ្ជាជីវៈ ក្នុងការបំពេញភារកិច្ច ជាអ្នកបណ្ដុះបណ្ដាលដើម្បីផ្ទេរនូវតម្លៃ ព្រមទាំងទូន្មានឱ្យសិស្សានុសិស្សធ្វើតែអំពើល្អ ស្គាល់ខុស ស្គាល់ត្រូវ និងចេះគោរពចាស់ទុំ។ សម្ដេចតេជោបន្តថា គ្រូបង្រៀនត្រូវបានចាត់ទុកជា មាតាបិតា ទីពីរ ដែលបានផ្តល់ការអប់រំទាំងចំណេះវិជ្ជា និងអត្តចរិតដល់កុលបុត្រ កុលធីតា របស់យើងដែលជាទំពាំងស្នងឬស្សី។ សម្តេចតេជោលើកឡើងថា ផ្តើមចេញពីការអនុវត្ត អ្នកចេះច្រើន បង្រៀនអ្នកចេះតិច និងអ្នកចេះតិច បង្រៀនអ្នកមិនចេះសោះ នៅក្រោយឆ្នាំ១៩៧៩ ដែលយើងបានងើបចេញពីរបបប្រល័យពូជសាសន៍ ដែលបានបំផ្លាញគ្មានសល់ទាំងធនធានមនុស្ស និងហេដ្ឋាចរនាសម្ព័ន្ធនោះ សង្គមយើងបានកសាងធនធានមនុស្សបានយ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់ចូលរួម កសាង និងអភិវឌ្ឍប្រទេសជាតិរហូតមកទល់ពេលបច្ចុប្បន្ន។ សម្ដេចតេជោគូសបញ្ជាក់ថា នេះជាគុណបំណាច់ និងការលះបង់យ៉ាងធំធេងមិនអាចកាត់ថ្លៃបានរបស់លោកគ្រូ អ្នកគ្រូ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា