សៀមរាប៖ លោក អ៊ឹង គឹមលាង អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្តខេត្តសៀមរាបប៉ុន្មានថ្ងៃនេះ ពុំទាន់ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋច្រើននោះទេ ខណៈទឹកនៅតំបន់មួយចំនួនបានស្រកចុះជាបណ្តើរៗហើយ ប៉ុន្តែសម្រាប់ផ្លូវថ្នល់មានការខូចខាតអស់មួយចំនួនដែរ។
ការថ្លែងរបស់លោកអភិបាលរងខេត្តបែបនេះ បានធ្វើឡើងនៅក្នុងឱកាសដឹកនាំក្រុមការងារខេត្ត និងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយចុះពិនិត្យទីតាំងភូមិសាស្ត្រដែលទទួលរងគ្រោះជំនន់ទឹកភ្លៀង និងផលប៉ះពាល់នៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប រសៀលថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣។
លោកអភិបាលរងខេត្តបានបន្តថា ទោះបីជាមិនទាន់មានប្រជាពលរដ្ឋរងគ្រោះធ្ងន់ធ្ងរ ក៏អាជ្ញាធរខេត្ត មានវិធានការឆ្លើយតបលើបញ្ហាជំនន់ទឹកភ្លៀងដែលកំពុងប្រឈមខ្លាំង ដោយអាជ្ញាធរមូលដ្ឋា ន មន្ទីរ-អង្គភាព សមត្ថកិច្ចពាក់ព័ន្ធ បាននិងកំពុងតាមដានចុះអន្តរាគមន៍ ជាប់ជាប្រចាំនៅទីតាំងដែលមានផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង។ ការស្នើសុំស្បៀងបម្រុងទុក, ថ្នាំពេទ្យ,សម្ភារបរិក្ខារប្រើប្រាស់ជាច្រើនទៀត ទុកជួយដល់ប្រជាពលរដ្ឋ ជាពិសេសយើងមានយន្តការ ក្នុងការទប់ស្កាត់ដោយមានកម្លាំងត្រៀមជាប់ជានិច្ច ករណីមានបញ្ហាអ្វីកើត គឺអាចជួយសង្គ្រោះទាន់ពេលវេលា ។
យោងតាមរបាយការណ៍ របស់គណៈកម្មាធិកាគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បានឱ្យដឹងថា ស្ថានភាពជំនន់ទឹកភ្លៀងចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ បណ្ដាលឱ្យមានផលប៉ះពាល់ដល់ប្រជាជនសរុប ៦ ១៤៦គ្រួសារ, ភូមិចំនួន១៩២ភូមិ, នៃឃុំចំនួន៣៦ ក្នុងក្រុង/ស្រុកចំនួន ១០ រួមមាន៖ ស្រុកជីក្រែង, ប្រាសាទបាគង, សូទ្រនិគម, វ៉ារិន, ស្វាយលើ,បន្ទាយស្រី, ពួក, អង្គរជុំ, ស្រុកអង្គរធំ និងក្រុងសៀមរាប ។ បង្កឱ្យមានផលប៉ះពាល់ និងការខូចខាតដូចជា ផលប៉ះពាល់លើមនុស្ស៖ – លិចលំនៅឋានកម្រិតស្រាលចំនួន ៣ ៨០៣ខ្នង ស្មើនឹង ៣ ៨០៣គ្រួសារ, លិចលំនៅឋានកម្រិតធ្ងន់ ចំនួន ៣ខ្នង ស្មើនឹង ៣ គ្រួសារ(ជម្លៀសដោយខ្លួនឯងទៅស្នាក់នៅបណ្ដោះ អាសន្នជាមួយបងប្អូន), ហេដ្ឋារចនាសម្ព័ន្ធលិចសាលារៀនចំនួន ៣៤កន្លែង, លិចមណ្ឌលសុខភាពចំនួន ២កន្លែង, លិចបរិវេណវត្តអារាមចំនួន ៩កន្លែង, លិចបរិវេណអាគាររដ្ឋបាលចំនួន ១៦កន្លែង, លិចស្ពានចំនួន១៦ម៉ែត្រ,លិចខ្នងទំនប់/ប្រឡាយប្រវែង ២៤ ៥៩១ម៉ែត្រ និងខូចខាតប្រវែង ១២ ៤៤៣ម៉ែត្រ, លិចផ្លូវដីស/ក្រហម/កៅស៊ូប្រវែង ៥៦ ៣៤៦ម៉ែត្រ និងខូចខាតប្រវែង ១១ ៤៧៣ម៉ែត្រ, ប៉ះពាល់ស្រូវចំនួន ៧ ៩២៥ហិកតា ស្មើនឹង ៥ ៣១៩គ្រួសារ (ស្ថិតក្នុងស្រុកជីក្រែង) ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា