សៀមរាប៖ ជាទូទៅភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេសធ្លាប់ល្បីអំពីការទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្ត និងថ្ងៃលិចនៅប្រាសាទនៅលើកំពូលភ្នំបាខែងដែលពិតជាស្រស់ស្អាតមែនទែនតែគេពុំបានចាប់អារម្មណ៍អំពីទិដ្ឋភាពថ្ងៃរះ និងថ្ងៃលិចដ៏ស្រស់ស្អាតមួយបែបទៀត ដែលពោរពេញទៅដោយខ្យល់អាកាសដ៏បរិសុទ្ធនោះ គឺនៅប្រាសាទលើកំពូលភ្នំក្រោម ។

ស្ថិតនៅចម្ងាយប្រហែល១២គីឡូម៉ែត្រ ពីទីក្រុងសៀមរាប ឆ្ពោះទៅតំបន់បឹងទន្លេសាបភ្នំក្រោមបានផុសត្រដែតឡើងមុនគេនៅចំពោះមុខមើលពីចម្ងាយទីនោះហើយជាតំបន់ទេសចរណ៍បឹងទន្លេ សាបដ៏ទាក់ទាញ បន្ទាប់ពីរមណីយដ្ឋាន និងបូជនីយដ្ឋានអង្គរ ដែលនៅរដូវវស្សា ភ្នំក្រោមត្រូវបានហ៊ុមព័ទ្ធជុំវិញទៅដោយផ្ទៃទឹកបឹងទន្លេសាប ។

ភ្នំក្រោមស្ថិតនៅក្នុងសង្កាត់ចុងឃ្នាស នៃក្រុងសៀមរាប ជាតំបន់ទេសចរណ៍ដែលភ្ញៀវទេសចរជាតិនិងភ្ញៀវទេសចរបរទេស ទៅកម្សាន្តតាមរយៈជិះទូក ឬកាណូតគយគន់បឹងទន្លេសាប, ព្រៃលិចទឹក, និងភូមិអ្នកនេសាទបន្តែតលើផ្ទៃទឹក ។ តែបើគេបានឡើងទៅលើកំពូលភ្នំក្រោម បន្ទាប់ពីទស្សនាប្រាសាទនៅទីនោះ គេនឹងបានគយគន់ទិដ្ឋភាពដ៏ល្អប្រណិត នៃផ្ទៃបឹងទន្លេសាបទាំងមូល, ព្រៃលិចទឹក, ភូមិនិងកាណូតអ្នកនេសាទ, កាណូតអ្នកទេសចរ, វាលស្រែប្រាំង និងវាលស្រែវស្សាដ៏ធំល្វឹង ល្វើយនៅព័ទ្ធជុំវិញ គួបផ្សំជាមួយនឹងខ្យល់ជំនោរបក់មកត្រសៀកៗនោះ នឹងធ្វើឱ្យគេរំភើបរីករាយឥតឧបមា ហើយជាពិសេសពេលព្រឹកថ្ងៃរះ និងពេលល្ងាចថ្ងៃរៀបអស្តង្គត នោះពិតជាអស្ចារ្យខ្លាំងមែនទែនស្រស់ស្អាត ។

ជួបជាមួយលោក រ៉ា ឌី អនុប្រធានភ្នាក់ងារទេសចរ ណ៍ប្រចាំការនៅប្រាសាទភ្នំក្រោម បានឱ្យដឹងនៅថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ថា នៅលើកំពូលភ្នំក្រោម មានប្រាសាទបុរាណមួយ ដែលបានស្ថាបនាឡើងនៅចុងសតវត្សរ៍ទី៩ និងដើមសតវត្សរ៍ទី១០ ។ លោកបានឱ្យដឹងទៀតថា ប្រាសាទភ្នំក្រោម ជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពមួយ ដែលអាចទាក់ទាញភ្ញៀវទេសចរទៅទស្សនាមិនចេះដាច់ ។ ព្រោះថាក្រៅពីប្រាសាទបុរាណនៅលើភ្នំ ភ្ញៀវទេសចរក៏អាចទស្សនាទិដ្ឋភាពថ្ងៃរះដ៏ស្រស់ស្អាតបាន នាបរិវេណផ្នែកខាងកើតប្រាសាទ(ក្រជោម)។ និងទស្សនាទិដ្ឋភាពថ្ងៃរៀបលិច យ៉ាងស្រស់ស្អាតអមដោយទេសភាពព្រៃលិចទឹក ដាច់កន្ទុយភ្នែកនៃបឹងទន្លេសាប នៅខាងក្រោយប្រាសាទ(ផ្នែកខាងលិច) បើប្រៀបធៀបទៅមានភាពខុសប្លែកពីទិដ្ឋភាពថ្ងៃរះ និងថ្ងៃលិច នៅឯប្រាសាទអង្គរវត្ត និងប្រាសាទភ្នំបាខែង។ គេកីអាចទស្សនាទិដ្ឋភាពក្រុងសៀមរាបពីចម្ងាយ, វាលស្រែប្រាំងរបស់កសិករនៅជុំវិញនោះ, និងផ្ទៃបឹងទន្លេសាប អមដោយសំឡេងទូក ឬកាណូតបន្លឺឡើងមិនចេះដាច់ ដោយប្រជានេសាទរស់នៅក្បែរៗនោះ។ ជាពិសេសលំនៅឋានប្រជាពលរដ្ឋជាច្រើនដេrដាស គួរជាទីចាប់អារម្មណ៍។

លោក រ៉ា ឌី បានឱ្យដឹងទៀតថា ភ្ញៀវទេសចរដែលបានឡើងមកដល់ប្រាសាទភ្នំក្រោម នឹងទទួលបានអារម្មណ៍ស្រស់ស្រាយមួយបែប ដោយអាចស្រូបយកខ្យល់អាកាសល្អបរិសុទ្ធ ទេសភាពស្រស់ស្អាត និងផ្លាស់ប្តូរតាមរដូវកាល បើសិនជាអាកាសធាតុអំណោយផលល្អ មិនមានភ្លៀងធ្លាក់ និងមើលឃើញផ្ទៃមេឃបញ្ចេញពន្លឺពណ៌មាសក្រហមឆ្អៅ។ ប៉ុន្តែបើមានភ្លៀងធ្លាក់ ឬមេឃស្រទំវិញ នឹងមើលឃើញផ្ទៃមេឃខៀវស្រងាត់គួរជាទីគយគន់។ មិនតែប៉ុណ្ណោះភ្នំក្រោម ក៏ជាកន្លែងសម្រាប់ធ្វើលំហាត់ប្រាណដ៏ល្អ ក្រៅពីប្រាសាទភ្នំបាខែង ។
លោកអនុប្រធានភ្នាក់ងារទេសចរណ៍រូបនោះបានឱ្យដឹងទៀតថា ដើម្បីសម្រួលដល់ការទស្សនារបស់ភ្ញៀវទេសចរ អាជ្ញាធរជាតិអប្សរា បានរៀបចំទិសដៅទស្សនានៅបរិវេណប្រាសាទ ភ្ញៀវអាចដើរតាមវង់ទស្សនា និងមើលឃើញទិដ្ឋភាពប្លែកៗស្រស់ស្អាត ផ្តិតយករូបភាពទាំងនោះទុកជាអនុស្សាវរីយ៍បាន ។ មួយវិញទៀត ក្រុមការងារអាជ្ញាធរជាតិអប្សរា តែងតែយកចិត្តទុកដាក់ ដោយកាត់ក្រីមែកឈើ បោសសម្អាតអនាម័យបរិស្ថាននៅជុំវិញនោះ ជាប្រចាំផងដែរ ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា