អាជ្ញាធរជាតិអប្សរា កំពុងគ្រប់គ្រង និងបញ្ចៀសទឹកមិនឱ្យជន់លិចតំបន់ប្រាសាទ

0

សៀមរាប៖ ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃ អាជ្ញាធរ ជាតិអប្សរា នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣នេះ បានកំពុងមមាញឹក ខ្លាំងដើម្បីគ្រប់គ្រង និងបញ្ចៀសទឹក ដែលកំពុងហូរពីផ្នែកខាងលើ មកដល់តំបន់រមណីយដ្ឋានអង្គរ។

លោក ភឿន សុឃីម ប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី០៤ ខែតុលានេះ ស្ថានភាពទឹកនៅតំបន់រមណីយដ្ឋាន អង្គរកំពុង ហក់ឡើងខ្លាំង។ ដើម្បីបង្ការបញ្ហាជន់លិចតំបន់ប្រាសាទ តាមការណែនាំរបស់អគ្គនាយក អាជ្ញាធរជាតិអប្សរា បានឱ្យមន្រ្តីបើកទ្វារទឹក និងត្រៀមបញ្ចៀសឱ្យបានទាន់ពេលវេលា។ ជាក់ស្ដែងអាជ្ញាធរជាតិអប្សរាគ្រប់គ្រងទឹកបានទាំងស្រុង និងមិនមានហានិភ័យឡើយ។

លោក ភឿន សុឃីម បន្ថែមថា ទឹកទាំងនោះបានបញ្ចៀ សទៅតាមទ្វារទឹកសំខាន់ៗ ដូចជា អូរខ្លូត អូររកាជាដើម ទម្លាក់ទៅស្ទឹងពួក ស្ទឹងព្រះស្រុក និងមួយចំនួនទៀតបញ្ចូល ទៅតាមកសិន្ធុ និងបារាយណ៍ក្នុងតំបន់រមណីយដ្ឋានអង្គរ។

ស្ថានភាពទឹកនៅពេលនេះ លោក ភឿន សុឃីម បញ្ជាក់ថា មានស្ថានភាពខ្លាំង បើធៀបនឹងឆ្នាំ២០១៤។ យ៉ាងណាមិញ លោកបានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាអាច គ្រប់គ្រងស្ថានការណ៍នេះបាន ដោយមិនបារម្ភពីការជន់លិចតំបន់ប្រាសាទ និងក្រុងសៀមរាប ឡើយ ដ្បិតសមត្ថភាពទ្វារទឹកដែលបានសាងសង់ថ្មី និងស្ដារប្រព័ន្ធទឹកបុរាណ មួយចំនួនធំឡើងវិញ បម្រើដល់ការងារគ្រប់គ្រងទឹកនេះ។

ប្រសិនបើ គ្មានភ្លៀងធ្លាក់ពី ២ទៅ៣ថ្ងៃខាងមុខ ស្ថានភាពទឹកភ្លៀងនៅតំបន់ រមណីយ ដ្ឋានអង្គរ នឹងធូរស្រាលទៅវិញ ទឹកនឹងស្រកវិញឆាប់ៗ។ លោក ភឿន សុឃីម ស្នើឱ្យពលរដ្ឋ យោគយល់អំឡុងពេលបើកទ្វារទឹកនេះ ដែលអាចឱ្យផ្ទះពលរដ្ឋនៅក្បែរអូរជន់លិច ដោយ សារបរិមាណទឹកហូរទៅខ្លាំង និងច្រើន តែថាក្នុងរយៈពេលខ្លីប៉ុណ្ណោះ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា