ភ្នំពេញ៖ ដោយមានការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការ នៃអធិការដ្ឋានខណ្ឌមានជ័យ បានបញ្ជាឲ្យតាមបណ្តាប៉ុស្តិ៍យកចិត្តទុកដាក់ បង្ការបង្ក្រាបបទល្មើសផ្សេងៗក្នុងមូលដ្ឋាន។
ជាក់ស្តែងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១០:០០នាទី នៅចំណុចជិតសាលាទួលទំពូង មានជនសង្ស័យ០២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទជនបរទេស រួចជិះគេចខ្លួនក៏ត្រូវបានប្រជាពលរដ្ឋជិះដេញ រហូតមកដល់ចំណុចក្នុងវត្តចាក់អង្រែលើ ខណ្ឌមានជ័យ ក៏ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ រួមជាមួយប្រជាពលរដ្ឋធ្វើការឃាត់ខ្លួនបានជនសង្ស័យទាំង ០២នាក់។
-ទី១ជនសង្ស័យឈ្មោះ រិទ្ធ រដ្ឋា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ (អ្នកបើកម៉ូតូ)។
-ទី២ជនសង្ស័យឈ្មោះ លី សុវណ្ណ ភេទប្រុស អាយុ ៤២ឆ្នាំ (អ្នកឆក់ទូរស័ព្ទ)។
ជនសង្ស័យទាំង០២នាក់ និងមធ្យោបាយម៉ូតូ បានប្រគល់ជូនទៅសមត្ថកិច្ចអធិការដ្ឋានចំការមន ដើម្បីចាត់វិធានការបន្ត៕