ព្រះសីហនុ៖ គិតមកត្រឹមម៉ោងជិត១០យប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ការស្វែងរកជនរងគ្រោះ២នាក់ម្តាយនិងកូនតូចដែលធ្លាក់ពីទូកនេសាទរបស់ខ្លួនចូលក្នុងលម្ហសមុទ្រចន្លោះកោះតាងនិងកោះពីរ កាលពីយប់ថ្ងៃទី១ ខែតុលា នៅមិនទាន់ប្រទះឃើញនៅឡើយ។ ដោយសារតែបុរសជាឪពុកនៅបន្តស្វែងរកស្ត្រីជាភរិយានិងកូនស្រីពៅដែលធ្លាក់ទឹកបាត់ខ្លួន ក្រោមកិច្ចអន្តរាគមន៍ជួយពីសមត្ថកិច្ចចំរុះនិងក្រុមសង្គ្រោះសប្បុរសធម៍ បុរសជាឪពុកបានផ្ញើកូនស្រីម្នាក់ទៀតមកឲ្យសាច់ញាតិនៅទំនប់រលកក្រុងព្រះសីហនុមើលថែបណ្តោះអាសន្នសិន ក្រោមការទទួលដឹងឮពីសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន។
សុំបញ្ជាក់ថា នៅលើទូកនេសាទនេះមានមនុស្ស៦នាក់ រួមមានបុរសជាឪពុកជាអ្នកបើកទូក មានស្ត្រីជាភរិយានិងកូនៗក្នុងនោះមានកូនស្រីតូចៗចំនួន២នាក់ព្រមទាំងកូនដៃទូក ។ ចំពោះគ្រោះថ្នាក់ធ្លាក់ទឹកបាត់ខ្លួននេះ ដើមហេតុដំបូង គឺកូនស្រីពៅបានធ្លាក់ពីលើទូក បន្ទាប់មកស្ត្រីជាម្តាយក៍លោតចុះទៅជួយស្រង់ ប៉ុន្តែដោយសាររលកខ្លាំង ជនរងគ្រោះ២នាក់ម្តាយនិងកូនក៍ត្រូវរលកសមុទ្រវាយពន្លិចបាត់ខ្លួនតែម្តង។
បើតាមសមត្ថកិច្ចឲ្យដឹងព័ត៍មានបន្ថែមផងដែរថា ជាទម្លាប់ពេលចេញទៅនេសាទ ម្ចាស់ទូកនេះឧស្សាហ៍នាំទាំងភរិយានិងកូនៗទៅជាមួយគ្នាដែរ ប៉ុន្តែចៃដន្យលើកនេះក៍កើតមានរឿងអាក្រក់បែបនេះឡើង។ សុំញ្ជាក់ថា គ្រួសារជនរងគ្រោះមានទីលំនៅបច្ចុប្បន្នភូមិ៣ សង្កាត់៣ ក្រុង/ខេត្ត ព្រះសីហនុ(ក្នុងទំនប់ផែរ៉ូយ៉ាល់ចាស់)៕
ប្រភព៖ Huy Bunleng News