ភ្នំពេញ៖ ក្រោយពីទទួលបានព័ត៌មានតាមរយៈបណ្ដាញ TikTok បានធ្វើការបង្ហោះផ្សព្ធផ្សាយកាលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកវរសេនីយ៍ឯក ដេ ម៉ៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ឲ្យស្រាវជ្រាវករណីនេះជាបន្ទាន់។

ក្រោយមកជំនាញធ្វើការស្រាវជ្រាវរហូតដល់នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៤:៣៥នាទី បានរកឃើញអ្នកបើកបររថយន្តល្មើសម៉ាក Ford Ranger XLT ពណ៌ស ពាក់ផ្លាកលេខ នគរបាល 2- 4365 បើកបរដោយលោកវរសេនីយ៍ទោ គង់ សុខា នាយរងការិយាល័យនរគបាលការពារបេតិកភណ្ឌ។ បន្ទាប់មកលោកវរសេនីយ៍ឯក ដេ ម៉ៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានកោះហៅអ្នកបើកបរល្មើស យកមកសាកសួរ និងផាកពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោក ពាក់ព័ន្ធល្មើសភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម នូវទឹកប្រាក់ចំនួន១៥០០០០រៀល និងដក៣ពិន្ទុ។

ខណៈនោះក៏បានសុំគោលការណ៍ពីឯកឧត្តម ស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យា ឱ្យលោកវរសេនីយ៍ទោ គង់ សុខា ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកនិងត្រូវបញ្ឈប់សកម្មភាពទាំងឡាយណាដែលជាអំពើខុសច្បាប់បង្កឱ្យប៉ះពាល់ដល់កិត្តិយសកងកម្លាំងនគរបាលជាតិ៕
