ព្រៃវែង៖ ក្រុមក្មេងទំនើងបង្ហោះម៉ូតូប្រសេកប្រសាចតាមដងផ្លូវ បង្កភាពអនាធិបតេយ្យ រួចថតបង្ហោះបង្អួតគេតាមបណ្ដាញសង្គម ត្រូវកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកមេសាង តាមស្រាវជ្រាវឃាត់ខ្លួនបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។
គួរបញ្ជាក់ថា ក្រុមក្មេងទំនើងខាងលើ បានជិះបង្ហោះម៉ូតូបង្កភាពអនាធិបតេយ្យនៅលើផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចចាប់ពីភូមិច័ន្ទគ្រឹះស្នា ឃុំច្រេស រហូតមកដល់ភូមិមេសាង ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង ហើយថែមទាំងថតវីដេអូបង្ហោះចែកចាយក្នុងបណ្ដាញសង្គម ដើម្បីបង្អួតប្រាប់គេឯងថា ខ្លួនឡូយ ខ្លួនអស្ចារ្យ ដោយមិនខ្លាចញញើតឡើយ ។
ក្រោយទទួលបានព័ត៌មានខាងលើ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានដាក់បទបញ្ជាដល់លោកវរសេនីយ៍ឯក លាប សារិទ្ធ អធិការនគរបាលស្រុកមេសាង ដឹកនាំកម្លាំងនគរបាលជំនាញ ចុះស្រាវជ្រាវស្វែងរកក្រុមក្មេងទំនើងទាំងនោះ យកមកស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។
បច្ចុប្បន្ន ក្រុមក្មេងទំនើងខាងលើ ត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីនគរបាលជំនាញ ធ្វើការសួរនាំ ចាត់ការតាមនីតិវិធី ។ បើតាមការឱ្យដឹងពីលោក ស្នងការរងទទួលការងារព្រហ្មទណ្ឌ រាល់ក្មេងទំនើងដែលធ្លាប់អប់រំម្តងហើយ បន្តមានកំហុសដដែលទៀត នោះនគរបាលខេត្តនឹងរិះរកធាតុផ្សំបទល្មើសដើម្បីផ្តន្ទាទោសតាមច្បាប់មិនអប់រំជាលើកទី ២ នោះទេ ៕