ភ្នំពេញ៖ ឯកឧត្តម យូអ៊ីណូ អាតស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃយ៉ាងខ្ពស់ចំពោះ ចំពោះការរៀបចំ «យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១» ។
ចំណាប់អារម្មណ៍នេះបានត្រូវធ្វើឡើងកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី នៅក្នុងជំនួបសម្តែងការគួរសមនិងពិភាក្សាជាមួយ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជា រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ។
នៅក្នុងជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងអំពីអាទិភាពសំខាន់ៗ នៃ«យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតសំខាន់ទៅលើការអភិវឌ្ឍមូលធនមនុស្ស, ការបង្កើនប្រសិទ្ធភាពអភិបាលកិច្ច និងការលើកកម្ពស់សមត្ថភាពស្ថាប័នសាធារណៈឱ្យកាន់តែប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជា និងធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច សំដៅឈានឆ្ពោះទៅសម្រេចមហិច្ឆតាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងអំពីលទ្ធភាពក្នុងការពង្រឹងសហការជាមួយរាជរដ្ឋាភិបាលជប៉ុនក្នុងការលើកកម្ពស់ប្រសិទ្ធភាពអភិបាលកិច្ច, ការកសាងស្ថាប័នសាធារណៈមួយដែលរឹងមាំនិងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងជាពិសេសការតាក់តែងច្បាប់ និងរៀបចំក្របខណ្ឌគតិយុត្តដែលមានសង្គតិភាព, ប្រសិទ្ធភាព, ងាយស្រួលក្នុងការអនុវត្ត និងព្រមទាំងគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត ក៏បានកោតសរសើរចំពោះការរៀបចំ «យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១» ដោយលើកឡើងថា នេះជា ឯកសារបង្ហាញផ្លូវយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា, ហើយបានបញ្ជាក់ថា រាជរដ្ឋាភិបាលជប៉ុនមានឆន្ទៈមុតមាំក្នុងការគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រនេះឱ្យបានជោគជ័យ តាមរយៈការបន្សុំាជាមួយនឹងធម្មនុញ្ញនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍ (Development Cooperation Charter) របស់ជប៉ុន។
ឯកឧត្តមឯកអគ្គរាជទូត ក៏បានសម្តែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាក្នុងអណត្តិកន្លងមក ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដែលបានសម្រេចនូវសុខសន្តិភាពជូនប្រជាជនកម្ពុជានិងការអភិវឌ្ឍគួរឱ្យកោតស្ញប់ស្ញែង។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរាជទូតក៏បានអបអរសាទរ និងបានសម្តែងនូវស្មារតីសុទិដ្ឋិនិយមថារាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រមុខ នឹងបន្តធានាបាននូវសុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍជូនប្រជាជនកម្ពុជា និងបានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរួមចំណែកគាំទ្រដល់កិច្ចខិត ខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
ឯកឧត្តមឯកអគ្គរាជទូត បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា និង បានចាត់ទុកកម្ពុជាជាប្រទេសគំរូមួយពាក់ព័ន្ធនឹងការធ្វើបរិវត្តកម្មក្នុងប្រព័ន្ធទូទាត់ប្រាក់តាមប្រព័ន្ធធនាគារ។
ដោយឡែក ឯកឧត្តម វង្សី វិស្សុត បានបន្តថា ជប៉ុនជាមិត្តដ៏ល្អ, ជិតស្និត និងស្មោះត្រង់របស់កម្ពុជា ក្នុងគ្រប់កាលៈទេសៈ និងបានធ្វើការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ ក្នុងវិស័យនយោបាយការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គម បច្ចេកវិទ្យា និង ការអភិវឌ្ឍនានា នាពេលកន្លមកនេះ។
ឯកឧត្តមបានបន្តថា កម្ពុជា-ជប៉ុនមានចំណងទាក់ទងដ៏យូរលុង ហើយឆ្នាំ២០២៣ នេះ គឺជាខួបលើកទី៧០ ឆ្នាំ នៃចំណងការទូតរវាងប្រទេសយើងទាំងពីរ។ បច្ចុប្បន្ន, ទំនាក់ទំនង និងចំណងមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ហើយត្រូវបានដំឡើងកម្រិត ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។
ឯកឧត្តម វង្សី វិស្សុត បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ដែលបានចូលរួមចំណែកកសាង និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ចាប់តាំងពីដំណាក់កាលស្វែងរកសន្តិភាព រហូតដល់ដំណាក់កាលនៃការស្តារ និងអភិវឌ្ឍន៍កម្ពុជា៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា