ភ្នំពេញ៖ ព្រឹកថ្ងៃសៅរ៍ ១រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដម ប៉ុញ សច្ចៈ រដ្ឋលេខាធិការទទួលបន្ទុកសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក ប្រចាំរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ បានដឹកនាំឯកឧត្តម លោក លោកស្រីសមាជិកក្រុមការងារនិងមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួងចុះពិនិត្យស្ថានភាពទឹក និងសំណង់ទ្វារទឹកមួយចំនួនតាមសណ្តសងខាងស្ទឹងព្រែកត្នោត ផ្នែកខាងក្រោមសំណង់ទ្វារទឹកទំនប់៧មករា។
ការចុះពិនិត្យនាពេលនេះ ដើម្បីពិនិត្យមើលក្រែងមានករណីទ្វារទឹកបិទមិនជិត ទំនប់សណ្តមានច្រោះរូងនាគ និងបានចាត់តាំងមន្ត្រីបច្ចេកទេសមកពីនាយកដ្ឋានវិស្វកម្ម និងនាយកធារាសាស្ត្រកសិកម្មនៅប្រចាំការ និងត្រួតពិនិត្យចល័ត និងធ្វើអន្តរាគមន៍ គ្រប់ទីតាំងសណ្តស្ទឹងព្រែកត្នោត ដើម្បីតាមដានស្ថានភាពទឹក ចាប់ពីផ្នែកខាងលើក្នុងភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ រហូតមកដល់ក្នុងភូមិសាស្ត្រ ខេត្តកណ្តាល និងរាជធានីភ្នំពេញ។
សូមជម្រាបថា ស្ថានភាពកម្ពស់ទឹកនៅតាមស្ថានីយជលសាស្ត្រ តាមបណ្តោយស្ទឹងព្រែកត្នោតចាប់ពីភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងរាជធានីភ្នំពេញ គិតត្រឹមម៉ោង ១០ព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ មានដូចខាងក្រោម៖
១.ស្ថានីយជលសាស្ត្រទំនប់តាសាល ក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កម្ពស់ទឹក ១៨,៧៥ម៉ែត្រ (១៩,០០ ជាកម្ពស់ប្រុងប្រយ័ត្ន)
២-ស្ថានីយពាមឃ្លៃ ក្នុងឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កម្ពស់ទឹក ៦,៣៨ម៉ែត្រ (៧,០០ម៉ែត្រ ជាកម្ពស់ប្រុងប្រយ័ត្ន)
៣- ស្ថានីយជលសាស្ត្រទំនប់រលាំងជ្រៃ កម្ពស់ទឹក ៧,៣៦ម៉ែត្រ (៧,៥០ម៉ែត្រ ជាកម្ពស់ប្រុងប្រយ័ត្ន)
៤-ស្ថានីយជលសាស្ត្រទំនប់ ៧មករា
ក)មុខទ្វារទឹក ៤,៧៥ម៉ែត្រ (ទាបជាងបង្ហៀរ -០,០៥ម៉ែត្រ (៥,៣០ម៉ែត្រ ជាកម្ពស់ប្រុងប្រយ័ត្ន)
ខ)ក្រោយទ្វារទឹក ៧,៤០ម៉ែត្រ (៧,០០ម៉ែត្រ ជាកម្ពស់ប្រុងប្រយ័ត្នក្រោមកម្ពស់ទំនប់សណ្តស្ទឹង ២,៧០ម៉ែត្រ)។
គួរបញ្ជាក់ថា ស្ថានភាពទូទៅនៃកម្ពស់ទឹកស្ទឹងព្រែកត្នោតនេះពុំមានអ្វីប៉ះពាល់ និងមានការព្រួយបារម្ភ គំរាមកំហែងទឹកជំនន់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាលឡើយ។ តាមការតាមដាន និងព្យាករណ៍អាកាសធាតុ ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោតនេះនឹងវិលមករកស្ថានភាពប្រក្រតីវិញក្នុងរយៈពេលចាប់ពី ២ ទៅ ៣ថ្ងៃខាងមុខមិនខាន៕
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម