កម្ពុជាមានមោទនភាព ក្រោយត្រូវបានជ្រើសរើសចូលរួមក្នុងចំណោម ប្រទេសមានសក្តានុពល១០ ដែលត្រួសត្រាយផ្លូវគំនិតផ្តួចផ្តើមសកល ស្តីពីការងារសមរម្យ

0

ភ្នំពេញ៖ ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ កម្ពុជាបានលើកឡើងពីមោទនភាពរបស់ខ្លួន ដែលត្រូវបានជ្រើសរើសចូលរួមនៅក្នុងចំណោមប្រទេសដែលមានសក្តានុពលទាំង១០ ក្នុងការត្រួសត្រាយផ្លូវនៃគំនិតផ្តួចផ្តើម «កាតាលិករសកល (Global Accelerator) ស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌»។

គំនិតផ្តួចផ្តើមសកលដែលសម្របសម្រួលដោយអង្គការអន្តរជាតិខាងការងារ (ILO) នេះមានគោលបំណងគាំទ្រដល់ការបង្កើតការងារសមរម្យចំនួន៤០០លានកន្លែង និងពង្រីកការគាំពារសង្គមដល់ប្រជាជន៤ពាន់លាននាក់ដែល​បច្ចុប្បន្ន​មិន​ត្រូវបាន​គាំពារ។

ក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតលើកទី ៧៨ របស់អង្គការសហប្រជាជាតិនៅក្រុងញូយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២២ កញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា៖ «កម្ពុជាស្វាគមន៍នូវគំនិតផ្តួចផ្តើមកាតាលីករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ដែលបានដាក់ចេញដោយឯកឧត្តម អង់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) [អគ្គលេខាធិការអង្គការសហប្រជាជាតិ]និងពិតជាមានមោទនភាពដែលកម្ពុជាត្រូវបានជ្រើសរើសចូលរួមនៅក្នុងចំណោមប្រទេសដែលមានសក្តានុពលទាំង១០»។

ប្រទេសកម្ពុជាបានចូលរួមជាប្រទេសត្រួសត្រាយផ្លូវនៃគំនិតផ្តួចផ្តើមសកលនេះដែលបានដាក់ចេញដោយអគ្គលេខាធិការអង្គការសហប្រជាជាតិកាលពីឆ្នាំ២០២១ ដើម្បីជួយប្រទេសនានាដោះស្រាយវិបត្តិជាច្រើន ពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញ ព្រមទាំងវិនិយោគលើការអភិវឌ្ឍសង្គម អន្តរកាលបៃតង និងត្រៀមខ្លួនចំពោះបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងអនាគត។ ដើម្បីសម្រេចបានគោលដៅនេះ រាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំផែនទីបង្ហាញផ្លូវសម្រាប់អនុវត្តគំនិតផ្តួចផ្តើមសកលនេះ។

កាលពីចុងខែសីហា និងដើមខែកញ្ញា ឆ្នាំ២០២៣ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជាបានសហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិដើម្បីពិភាក្សាអំពីរបៀបដែលគំនិតផ្តួចផ្តើមតាលីករសកលនេះអាចគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជាក្នុងការលើកកម្ពស់ការបង្កើតការងារសមរម្យ និងពង្រីកកិច្ចគាំពារសង្គមនៅក្នុងក្របខ័ណ្ឌនៃយុទ្ធសាស្ត្របញ្ចកោណថ្មីរបស់ប្រទេសកម្ពុជា។

សិក្ខាសាលានេះគឺជាវេទិកាពិភាក្សាអំពីវិស័យ និងអាទិភាពសំខាន់ៗរបស់កម្ពុជាដើម្បីផ្តល់ជាធាតុចូលក្នុងការរៀបចំផែនទីបង្ហាញផ្លូវ ដើម្បីសម្រេចបាននូវគោលដៅការងារ និងកិច្ចគាំពារសង្គម ពង្រឹងកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលអន្តរកាលយុត្តិធម៌ឆ្ពោះទៅកាន់កាបូនទាប និងសេដ្ឋកិច្ចឌីជីថល។

សិក្ខាសាលានេះមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងទេសទេសចរណ៍ និងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងតំណាងមកពីទីភ្នាក់ងារអង្គការសហប្រជាជាតិដែលអនុវត្តគំនិតផ្តួចផ្តើមនេះ សហព័ន្ធនិយោជកនិងសមាគមពាណិជ្ជកម្ពុជា (CAMFEBA) ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (NTUC) សហភាពអឺរ៉ុប (EU) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC)។

សេចក្តីប្រកាសព័ត៌មានដែលផ្សព្វផ្សាយនៅលើគេហទំព័រ Global accelerator បានបញ្ជាក់ថា ក្នុងកិច្ចប្រជុំដាច់ដោយឡែកមួយនាឱកាសនៃសិក្ខាសាលានេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញពីចំណាប់អារម្មណ៍របស់ប្រទេសកម្ពុជាក្នុងការចូលរួមជាប្រទេសត្រួសត្រាយផ្លូវគំនិតផ្តួចផ្តើមសកលនេះ និងបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងផ្តោតលើការអភិវឌ្ឍជំនាញ និងពង្រីកកិច្ចគាំពារសង្គមជាអាទិភាពសំខាន់ៗដែលត្រូវដាក់ចេញក្នុងផែនទីបង្ហាញផ្លូវនេះ។

សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា តាមរយៈសិក្ខាសាលានេះគឺបានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមជាមួយគំនិតផ្តួចផ្តើមសកលនេះ និងបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយគំនិតផ្តួចផ្តើមនានារបស់អង្គការសហប្រជាជាតិនៅកម្ពុជា។

សហព័ន្ធនិយោជកនិងសមាគមពាណិជ្ជកម្ពុជា (CAMFEBA) និងក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (NTUC) បានប្តេជ្ញាចិត្តគាំទ្រសេចក្តីសម្រេចរបស់រាជរដ្ឋភិបាលក្នុងការចូលរួមជាប្រទេសត្រួសត្រាយផ្លូវនៃគំនិតផ្តួចផ្តើមសកលនេះ។

កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ CAMFEBA និង NTUC បានបន្តចូលរួមក្នុងកិច្ចសន្ទនាទ្វេភាគីដើម្បីកំណត់អត្តសញ្ញាណ និងចំណោទបញ្ហាប្រឈម ព្រមទាំងអាទិភាពនៅក្នុងការរៀបចំ និងការអនុវត្តផែនទីបង្ហាញផ្លូវនៃកាតាលិករសកលរបស់កម្ពុជា។

សេចក្តីប្រកាសព័ត៌មាន CAMFEBA បានបញ្ជាក់ថា៖ «CAMFEBA និង NTUC បានសម្ដែងស្វាគមន៍ និងកោតសរសើរយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមជាប្រទេសត្រួសត្រាយផ្លូវនៃគំនិតផ្តួចផ្តើមកាតាលិករសកល ដើម្បីអត្ថប្រយោជន៍សក្តានុពលសម្រាប់ទ្រទ្រង់សហគ្រាស និងការងារសមរម្យជូនបងប្អូនកម្មករនិយោជិតកម្ពុជា»។

ភាគីទាំង២ទទួលស្គាល់ពីសារៈប្រយោជន៍នៃកិច្ចសហការ និងការសម្របសម្រួលរវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូសង្គមសម្រាប់ការអភិវឌ្ឍ និងការសម្រេចបាននូវភាពជោគជ័យក្នុងការអនុវត្តផែនទីបង្ហាញផ្លូវនៃកាតាលិករសកលរបស់កម្ពុជា។

តាមរយៈការសន្ទនាទ្វេភាគី CAMFEBA និង NTUC បានប្ដេជ្ញាចិត្តធ្វើការពិភាក្សា និងលើកកម្ពស់គោលនយោបាយ និងសកម្មភាពរួមគ្នាសម្រាប់បង្កើនផលិតភាពកម្មករនិយោជិត ការបង្កើតការងារ ការអភិវឌ្ឍជំនាញ និងការគាំពារសង្គមសម្រាប់សហគ្រាស និងកម្មករនិយោជិត។

សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា ភាគីទាំង២ប្តេជ្ញាចូលរួមពិភាក្សានិងរៀបរៀងរបៀបវារៈសម្រាប់ធ្វើកិច្ចពិភាក្សាបន្តជាមួយរាជរដ្ឋាភិបាលកម្ពុជាស្តីពីការអភិវឌ្ឍ និងការកែលម្អណាមួយទាក់ទង់លើផែនទីបង្ហាញផ្លូវនៃគំនិតផ្ដួចផ្ដើមនេះ។

ភាគីទាំង២ប្តេជ្ញាចូលរួមកិច្ចសន្ទនាជាមួយរាជរដ្ឋាភិបាលកម្ពុជាស្តីពីវិធានការគាំទ្រនិរន្តរភាពសហគ្រាស និងការងារសមរម្យសម្រាប់កម្មករនិយោជិតដែលជាមូលដ្ឋានក្នុងការអនុវត្តគំនិតផ្តួចផ្តើមកាតាលិករនេះ និងប្តេជ្ញាកសាងសមត្ថភាពរវាងនិយោជក និងស្ថាប័នតំណាងកម្មករនិយោជិត ដើម្បីកំណត់បញ្ហាពាក់ព័ន្ធ។

កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ប្រទេសអាល្លឺម៉ង់ បែលហ្ស៊ិក និងអេស្បាញបានសន្យាផ្តល់ថវិកាចំនួន២១ លានអឺរ៉ូ ឬស្មើនឹងប្រមាណជាង២២លានដុល្លារអាមេរិកដើម្បីអនុវត្តគំនិតផ្តួចផ្តើមតាលីករសកលមួយនេះ។

អង្គការ ILO បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា ការសន្យាផ្តល់ថវិកានេះនឹងគាំទ្រដល់ការរៀបចំ និងការអនុវត្តគំនិតផ្តួចផ្តើមតាលីករសកលនេះនៅក្នុងប្រទេសដែលត្រួសត្រាយផ្លូវនៃគំនិតផ្តួចផ្តើមសកលនេះ៕

ប្រភព៖ ក្រសួងព័ត៌មាន