ភ្នំពេញ៖ ដើម្បីប្រសិទ្ធភាព នៃការអង្កេតស្រាវជ្រាវភាពមិនប្រក្រតីរបស់មន្ត្រីនគរបាល ពេលចុះប្រតិបត្តិការបង្ក្រាបផលិតផលក្លែងក្លាយកន្លងទៅ អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ សូមប្រកាសដាក់លេខទូរស័ព្ទពីរខ្សែ គឺ 089 770 917 និង 089 371 007 សម្រាប់សាធា រណជន ឬប្រជាពលរដ្ឋ ដែលទទួលរងភាពមិនប្រក្រតី ឬភាពអយុត្តិធម៌ នៅពេលប្រតិបត្តិការរបស់មន្ត្រីនគរបាលជាតិ ចំណុះអង្គភាពប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ មានលទ្ធភាពងាយស្រួលក្នុងការដាក់បណ្ដឹង ផ្ដល់ភស្ដុតាង ឬសហការផ្ដល់ព័ត៌មានពាក់ព័ន្ធនានា។
យោងតាមបណ្តាញសង្គមរបស់ក្រសួងមហាផ្ទៃ បានលើកឡើងនៅថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ថា អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃបានបង្កើតក្រុមការងារជំនាញមួយ ដើម្បីធ្វើការស៊ើបអង្កេតស្រាវជ្រាវ តាមពាក្យបណ្ដឹងពាក់ព័ន្ធនឹងប្រតិបត្តិការរបស់មន្ត្រីនគរបាលជាតិ ក្នុងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមស្ថិត នៅក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។
ក្រុមការងារអង្កេតស្រាវជ្រាវនេះ មានសមាសភាពចំនួន១១រូប ដឹកនាំដោយអគ្គាធិការរងមួយរូបជាប្រធាន, អគ្គាធិការរងមួយចំនួនជាអនុប្រធាន, និងប្រធាននាយកដ្ឋានមួយចំនួនជាសមាជិក។ ក្រុមការងារអង្កេតស្រាវជ្រាវនេះ មានតួនាទីភារកិច្ច ទទួលពាក្យបណ្ដឹង តាមដាន ប្រមូលព័ត៌មាន លើកសំណើសុំគោលការណ៍ទៅអគ្គាធិការ ដើម្បីចាត់ចែងបណ្ដឹង និងព័ត៌មានដែលទទួលបាន។ ក្រៅពីនេះ មានតួនាទីភារកិច្ចស៊ើបអង្កេត ស្រាវជ្រាវរាល់ការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីរាជការ ក្នុងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ និងធ្វើរបាយការណ៍ដាក់ជូនអគ្គាធិការពិនិត្យ សម្រេច។
ការប្រកាសដាក់ប្រព័ន្ធទូរស័ព្ទទាំងពីរខ្សែ “089 770 917 និង 089 371 007” និងការបង្កើតក្រុមការងារអង្កេតស្រាវជ្រាវនេះ គឺយោងតាមសេចក្ដីសម្រេចរបស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ស្ដីពីការផ្អាកសកម្មភាព ស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបផលិតផលក្លែងក្លាយ ស្ថិតនៅក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ ដែលបានប្រគល់ភារកិច្ចជូន អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ធ្វើការស៊ើបអង្កេតស្រាវជ្រាវតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងប្រតិបត្តិការរបស់មន្ត្រីនគរបាលជាតិ ក្នុងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមនាពេលថ្មីកន្លងទៅ នេះ ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា