កំពង់ធំ៖ ឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិ ត គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះអន្តរាយ អមដំណើរដោយឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី បានអញ្ជើញទៅត្រួតពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ ដែលបណ្ដាលមកពីជំនន់ទឹកភ្លៀង នៅឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នារសៀលថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។

លោក ឃឹម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ បានបញ្ជាក់ថា ក្នុងរយៈពេលជាង១០ថ្ងៃកន្លងមកនេះ ភ្លៀងបានធ្លាក់ជាបន្តបន្ទាប់ ធ្វើឱ្យមានជំនន់ទឹកភ្លៀង បង្កផលប៉ះពាល់នៅតាមបណ្ដាភូមិ /ឃុំមួយចំនួនរបស់ស្រុកប្រាសាទសំបូរ។ កន្លងមកថ្មីៗនេះនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ មានកុមារពីរនាក់ ដែលធ្វើដំណើរមកតាមឪពុកទៅបង់សំណាញ់ ត្រូវបានទឹកហូរគួចបណ្តាលឱ្យលង់ទឹក ទទួលមរណភាព នៅភូមិចារ្យ ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម បានណែនាំដល់អាជ្ញាធរដែនដីភូមិ ឃុំស្រុក ត្រូវយកចិត្តទុកដាក់ណែនាំដល់ប្រជាជន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវត្រៀមកម្លាំងនិងមធ្យោបាយគ្រប់ប្រភេទ ដើម្បីដឹកជញ្ជូនពួកគាត់ទៅកាន់ទីទួលសុវត្ថិភាព ក្នុងកាលៈទេសៈដែលទឹកជំនន់នៅតែបន្តកើនឡើង ។

ជាមួយនោះដែរឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានណែនាំដល់មន្ទីរ ស្ថាប័នពាក់ព័ន្ធត្រូវវាយតម្លៃឱ្យបានច្បាស់លាស់អំពីផលប៉ះពាល់ ដែលបណ្ដាលមកពីគ្រោះទឹកជំនន់នេះ មានជាអាទិ៍ បញ្ហាប្រព័ន្ធផ្លូវគមនាគមន៍ បញ្ហាប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ មានជីវភាពលំបាកខ្វះខាត និងការខូចខាតផលដំណាំផ្សេងៗ ដែលកើតមានឡើង ដើម្បីត្រៀមស្តារការខូចខាត និង ដោះស្រាយជូនប្រជាពលរដ្ឋយើងឱ្យបានសមស្របទាន់ពេលវេលា។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាឱ្យឧត្តមសេនីយ៍ទោ សោម ស៊ុន រួមជាមួយបណ្ដាកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ត្រៀមលក្ខណៈជួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ពិសេសគ្រោះទឹកជំនន់ ដែលកើតមានឡើងនៅក្នុងឱកាសនេះឱ្យទាន់ពេវេលា ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានរាយការណ៍អំពីការប្រុងប្រៀបកងកម្លាំង សម្ភារប្រើប្រាស់និងមធ្យោបាយធ្វើដំណើរ សម្រាប់ចល័តអន្តរាគមន៍បានរួចរាល់ ហើយប្តេជ្ញាចិត្តអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់តាមបទបញ្ជារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី និងបទបញ្ជារបស់ឯកឧត្តមមេបញ្ជាការ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ និងឯកឧត្តមអភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ឱ្យទទួលបានជោគជ័យ ដើម្បីបម្រើប្រជាពលរដ្ឋ ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា