ព្រះវិហារ៖ អាជ្ញាធរជាតិព្រះវិហារ បានសេចក្តីជូនដំណឹងស្ដីអំពីការផ្អាកជាបណ្តោះអាសន្ននូវការចូលទស្សនារមណីយដ្ឋានប្រាសាទកោះករនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៧:០០នាទី ដល់ ១២:០០នាទី ដើម្បីរៀបចំពិធីបួងសួងកម្រិតថ្នាក់ជាតិ ក្នុងឱកាសនៃការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅឯទីក្រុងរីយ៉ាដ (Riyadh) ប្រទេស អារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ០២៣នោះ។
នៅលើបណ្ដាញសង្គមរបស់អាជ្ញាធរជាតិព្រះវិហារចេញផ្សាយថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា អាជ្ញាធរជាតិព្រះវិហារ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់គ្រប់ក្រសួង ស្ថាប័នជាតិ-អន្តរជាតិ ប្រតិបត្តិករ ទេសចរណ៍ ភ្ញៀវទេសចរជាតិ-បរទេស និងសាធារណជនទាំងអស់ មេត្តាជ្រាបថា អាជ្ញាធរជាតិព្រះវិហារ សូមផ្អាកការ ចូលទស្សនារមណីយដ្ឋានប្រាសាទកោះកេរនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៧:០០នាទី ដល់ ១២:០០នាទី ដើម្បីរៀបចំពិធីបួងសួងកម្រិតថ្នាក់ជាតិ ក្នុងឱកាសនៃការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោក។ អាស្រ័យហេតុនេះ សូម គ្រប់ក្រសួង ស្ថាប័នជាតិ-អន្តរជាតិ ប្រតិបត្តិករទេសចរណ៍ ភ្ញៀវទេសចរជាតិ-បរទេស និងសាធារណជនទាំងអស់ មេត្តាចូលរួមសហការ និងជ្រាបជាព័ត៌មាន។
គួរម្លឹកដែរថា គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេចជាឯកច្ឆ័ន្ទចុះ«រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាមរយៈសេចក្ដី សម្រេច 45 COM 8B.8 នៅក្នុងសម័យប្រជុំលើកទី៤៥ របស់ខ្លួន នៅឯទីក្រុងរីយ៉ាដ(Riyadh) ប្រទេសអារ៉ាប៊ីសាអ៊ូឌីត តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ០២៣៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មាន