បើកម៉ូតូបុកគោយន្តស្លាប់១នាក់និង០១នាក់ទៀតរងរបួសធ្ងន់

0

បន្ទាយមានជ័យ ៖ នៅយប់ថ្ងៃអាទិត្យ ១០ កើត ខែភទ្របទ ឆ្នាំថោះ​ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៧និង១០នាទីយប់ មានគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកគោយន្តពីក្រោយបណ្តាលឲ្យស្លាប់០១នាក់និង០១នាក់ទៀតរងរបួសធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ៥៦ A ​ទល់មុខកងរាជ្ញអាវុធហត្ថស្រុកថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា ៖ អ្នកបើកបរម៉ូតូឈ្មោះ ទៅ វណ្ណៈ ភេទប្រុស អាយុ១៩ ឆ្នាំស្លាប់ ពេលបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក  និងអ្នករួមដំណើរឈ្មោះ យ៉ុង ប៊ី ភេទប្រុស អាយុ១៨ឆ្នាំ រងរបួសធ្ងន់ អ្នកទាំងពីរ រស់នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ចំណែកអ្នកបើកបរ គោយន្តកន្ត្រៃបើករត់គេចខ្លួនបាត់ ពីកន្លែងកើតហេតុ ។

លោកអធិការបានបញ្ជាក់ថា ៖ មុនពេលកើតហេតុជនរងគ្រោះបានបើកម៉ូតូម៉ាកហុងដាទ្រីមសេរីឆ្នាំ២០២៣ ពាក់ស្លាកលេខ ប.មានជ័យ 1Z 6822 ទិសដៅពីជើងទៅត្បូងដល់ចំណុចកើតហេតុបានបុកគោយន្តកន្ត្រៃពីក្រោយបណ្តាលឲ្យអ្នកបើកម៉ូតូនិងអ្នករួមដំណើររងរបួសធ្ងន់ ។ អ្នកបើកបរគោយន្តមិនត្រូវបានស្គាល់អត្តសញ្ញាណ ក្រោយពីកើតហេតុបើកគោយន្តរត់គេចខ្លួនបាត់ស្រមោល ៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ