កោះកុង ៖ មនុស្សប្រុស២នាក់ ត្រូវបានគេប្រទះឃើញស្លាប់ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១និង២៧នាទីយប់ នៅចំណុចទឹកស្ទឹង (ជំរំសត្វភេរ) ស្ថិតក្នុងភូមិកំលត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។
ជនរងគ្រោះឈ្មោះ ១-ឈ្មោះ ខាត់ ប៊ុនណារ៉េត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអង្គគគីរ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ ២-ឈ្មោះហេង សុវណ្ណចន្ទពេជ្រ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសុវណ្ណសាគរ ឃុំកំពង់កណ្ដាល ស្រុកកំពត ខេត្តកំពត។
យោងតាមការពិនិត្យលើសាកសព ដែលមានការចូលរួមពីលោកគ្រូប្រធានមណ្ឌលសុខភាពឃុំជីផាត ព្រមទាំងផ្នែកជំនាញនិងប៉ុស្តិនគរបាលរដ្ឋបាល និងអាជ្ញាធរឃុំ ភូមិឃើញថា ជនរងគ្រោះម្នាក់ស្លៀកខោខូវប៊យជើងវែង ពាក់អាវយឺតពណ៌ខ្មៅដៃខ្លី (ពាក់នាឡិកាជ័រពណ៌ខ្មៅ) រីឯជនរងគ្រោះម្នាក់ទៀត ស្លៀកខោជើងវែងពណ៌គគីរ ពាក់អាវយឺតពណ៌ខ្មៅដៃខ្លី (ពាក់ចិញ្ចៀនចំរៀកផ្តៅពណ៌ស) ។
នៅលើសាកសពជនរងគ្រោះទី១ ឃើញមានហូរឈាមតាមច្រមុះ ពណ៌ក្រហមផ្កាឈូក -សពជនរងគ្រោះទី២ មានឈាមហូរតាមច្រមុះនិងមាត់និងស្នាមដាច់រលាត់ត្រង់ម្រាមដៃខាងឆ្វេងមួយកន្លែង។ ក្រៅពីនោះពុំមានអ្វីគួរឲ្យកត់សំគាល់ឡើយ។
តាមការពិនិត្យរបស់គ្រូពេទ្យបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកស្លាប់ដោយខ្លួនឯង មិនពាក់ព័ន្ធនឹងអំពើឃាតកម្មឡើយ។ សពជនរងគ្រោះទាំងពីរបានយកទៅតម្កល់ទុកនៅវត្តសុវណ្ណឥសី (ហៅវត្តជីផាត) រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ