សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលថ្មី អត់ចាំរយៈពេល១០០ថ្ងៃទេ គឺចាប់ផ្តើមបម្រើរាជរដ្ឋាភិបាលយ៉ាងសស្រាក់សស្រាំតាំងពីរថ្ងៃទី១មកម្ល៉េះ

0

អា​មេ​រិ​ក​៖ នៅ​ថ្ងៃ​ទី​២៣ ខែកញ្ញា ២០២៣ ត្រូវ​នឹង​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង ៤៖០០​នាទី​ព្រឹក​នៅ​កម្ពុជា សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី​ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ បងប្អូន​សហគមន៍​ខ្មែរ នៅ​សហរដ្ឋអាមេរិក និង​កា​ណា​ដា នៅ​ទីក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក ២៥០០​នាក់​។

ឆ្លៀត​នា​ឱកាស​នោះ​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​ថ្មី អត់​ចាំ​រយៈពេល​១០០​ថ្ងៃ​ទេ គឺ​ចាប់ផ្តើម​បម្រើ​រាជរដ្ឋាភិបាល​យ៉ាង​សស្រាក់សស្រាំ​តាំងពីរ​ថ្ងៃ​ទី​១​មក​ម្ល៉េះ​។ កាលពី ថ្ងៃ​ទី​២២ សីហា ជា​សារ​ចាប់ផ្តើម​រាជរដ្ឋាភិបាល​បង្ហាញ​ពី​គោលនយោបាយ​បម្រើ​ជាតិ​។ ថ្ងៃ​ទី​២២ ខែកញ្ញា រយៈពេល​មួយ​ខែ​នៃ​ការ​កាន់​អំណាច សម្តេច​ធិ​បតី ស្ថិត​នៅ​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ នាទី​ក្រុង​ញ៉ូ​យ៉​ក សហរដ្ឋអាមេរិក តំណាង​ឲ្យ​កម្ពុជា ថ្លែង​សារ​នយោបាយ​របស់​កម្ពុជា ទៅ​កាន់​ពិភពលោក​។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​មាន​ប្រសាសន៍​ទៀត​ថា ដំណើរ​ចេញ​ក្រៅប្រទេស​របស់​សម្តេច​មាន​បេសកកម្ម​ចំនួន​៣ រួម​មាន​៖ ការងារ​ការទូត នយោបាយ និង​សេដ្ឋកិច្ច​។ វត្តមាន​របស់​សម្តេច​នៅ​អង្គការសហប្រជាជាតិ គេ​អត់​មាន​ចាត់​ទុក​សម្តេច​ជា​នាយក​រដ្ឋមន្ត្រី​ខុសច្បាប់ ឬ​ជា​ប្រទេស​កម្រិត​ពីរ​នោះ​ទេ គឺ​ស្មើ​សិទ្ធិ ស្មើមុខ​ស្មើមុខ​ជាមួយ​ប្រទេស​ជា​សមាជិក​ដទៃ​ទៀត​ដែរ​។ ជំហរ​របស់​កម្ពុជា នៅ​អង្គការសហប្រជាជាតិ គឺ​ចង់ឱ្យ​ពិភពលោក​មាន​សុខ​សន្តិភាព ព្រោះ​បើ​ពិភពលោក​មិន​មាន​សុខ​សន្តិភាព កម្ពុជា​ក៏​មាន​បញ្ហា​ដូច​គ្នា​ដែរ​។

សម្តេច​ធិ​បតី បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ការ​ប្រឹងប្រែង​រក​ទីផ្សារ​ក្រៅប្រទេស​មិនមែន​ដើម្បី​ប្រយោជន៍​សម្តេច​នោះ​ទេ គឺ​ដើម្បី​ប្រជាពលរដ្ឋ និង​ដើម្បី​សេដ្ឋកិច្ចជាតិ​ទាំងអស់​គ្នា​។ ជាក់ស្តែង តាម​រយៈ​វេទិកា​ធុរកិច្ច​អា​មេ​រិ​ក​-​កម្ពុជា សម្តេច​រំពឹង​ថា នឹង​មានការ​វិនិយោគ​ពី​អា​មេ​រិ​ក​នៅ​កម្ពុជា​ថែម​ទៀត​។​សម្តេច​ធិ​បតី​បាន​មាន​ប្រសាសន៍​ថា បើ​អង្គការសហប្រជាជាតិ មិន​ទទួលស្គាល់​រាជរដ្ឋាភិបាល គេ​មិន​ឱ្យ​សម្តេច​ឡើង​ថ្លែង​នៅ​អង្គការសហប្រជាជាតិ​នោះ​ឡើយ ហើយ​អង្គការសហប្រជាជាតិ​ក៏​មិន​ឧទ្ទេសនាម​សម្តេច​ជា​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ដែរ​។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ថា មក​ដល់​ពេល​នេះ​មាន​មេដឹកនាំ​ប្រទេស​ជា​មិត្ត​រហូត​ដល់​ទៅ​ប្រមាណ ៥៩​ប្រទេស បាន​ផ្ញើ​សារ​អបអរសាទរ​សម្តេច​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​។ ក្នុង​ឱកាស​សំណេះសំណាល​នេះ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​មាន​ប្រសាសន៍​ថា ការ​ជួប​ជាមួយ​អនុរដ្ឋមន្ត្រី​ការ​បរទេស​ស្តីទី​របស់​អា​មេ​រិ​ក គឺ​ដើម្បី​ពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​។ សម្តេច​បាន​ចោទសួរ​ទៅ​ក្រុមប្រឆាំង តើ​យល់​យ៉ាងណា​នៅ​ពេល​អា​មេ​រិ​ក ផ្តល់​ជំនួយ​អភិវឌ្ឍន៍​១៨​លាន​ដុល្លារ​មក​កម្ពុជា​ឡើង​វិញ?​។ សម្តេច​ធិ​បតី​បាន​ថ្លែង​ថា ជំហរ​របស់​រាជរដ្ឋាភិបាល គឺ​ដើម្បី​ជាតិ និង​ប្រជាជន​។

សម្ដេច​នាយក​រដ្ឋមន្ត្រី​បាន​រំលឹក​ទៀត​ថា ចំនួន​ពលរដ្ឋ​ជាង​៨​លាន ២​សែន​នាក់ ដែល​ចេញ​ទៅ​បោះ​ឆ្នោត គឺ​បាន​បង្ហាញ​ភាព​ត្រឹមត្រូវ និង​ភាព​ស្របច្បាប់​នៃ​ការ​បង្កើត​រាជរដ្ឋាភិបាល​នៅ​កម្ពុជា​។​ចំនួន​ពលរដ្ឋ​ច្រើន​លើសលប់​ចេញ​ទៅ​បោះ​ឆ្នោត គឺ​បាន​បង្ហាញ​ថា ពលរដ្ឋ​ត្រូវការ​ដំណើរ​ប្រជាធិបតេយ្យ មិន​ត្រូវការ​សង្គ្រាម​នោះ​ឡើយ ព្រោះ​កម្ពុជា បាន​ឆ្អែតឆ្អន់​នឹង​សង្គ្រាម​អស់ហើយ​។ ពលរដ្ឋ​ខ្មែរ​ភាគច្រើន​ដែល​ធ្លាក់ខ្លួន​ដល់​អា​មេ​រិ​ក​គឺ​ដោយ​តែ​ដោយសារ​តែ​សង្គ្រាម​។

ទាក់ទង​ទៅ​នឹង​កិច្ចការ​បន្ត​អភិវឌ្ឍន៍​ប្រទេស​ជាតិ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ថា ចន្លោះ​ខែវិច្ឆិកា និង​ខែធ្នូ សម្តេច​នឹង​អញ្ជើញ​សម្ពោធ​ព្រ​លាន​យន្តហោះ​នៅ​សៀមរាប ដែល​ជា​ព្រ​លាន​យន្តហោះ​ថ្មី ដែល​នឹង​រួមចំណែក​ទាក់ទាញ​វិស័យ​ទេសចរណ៍​បន្ថែម​ទៀត​នា​ពេល​ខាង​មុខ ហើយ​នៅ​ដើមឆ្នាំ​២០២៤ សម្តេច​នឹង​អញ្ជើញ​សម្ពោធ​ព្រ​លាន​យន្តហោះ​ថ្មី​នៅ​ក្រុង​តា​ខ្មៅ​ផង​ដែរ​៕

ប្រភព៖ ក្រសួងព័ត៌មាន