ភ្នំពេញ៖ ថ្លែងចំអក វិទ្យុមួយចំនួនថា អាម៉េរិកហៅ ហ៊ុន ម៉ាណែត មកសួរចម្លើយ ក្នុងពេលអញ្ជើញទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា អាម៉េរិក ប្រកាសផ្ដល់ជំនួយដល់កម្ពុជាដោយមិនបាច់ស្នើសុំ ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ២០២៣ ដែលជាការបង្ហាញឱ្យឃើញថា ទំនាក់ទំនងកម្ពុជា-អាម៉េរិក មានលក្ខណៈល្អប្រសើរ។

នៅចំពោះមុខ “បងប្អូនសហគមន៍ខ្មែរ នៅសហរដ្ឋអាមេរិក និងកាណាដា” នៅទីក្រុងញូវយ៉ក នាល្ងាច ថ្ងៃទី២៣ កញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី បានថ្លែងថា«ជួបម្សិលមិញគាត់(អនុរដ្ឋមន្ត្រីការបរទេសស្ដីទី សហរដ្ឋអាមេរិក) និយាយអញ្ចេះ ឥឡូវមិនបាច់កម្ពុជាសុំ អាម៉េរិកឱ្យវិញនូវ ជំនួយនេះ ឥឡូវសួរថា ជាសារនយោបាយយ៉ាងម៉េច អាហ្នឹងអ្នករិះគន់រៀបរាប់ទៅ កាត់យល់ទៅ បើអាម៉េរិក ផ្ដល់ជំនួយត្រឡប់មកវិញ នៅពេលដំបូងគេផ្អាកដោយសារ គេថាបញ្ហាបោះឆ្នោតមានបញ្ហាមួយចំនួន ប៉ុន្តែឥឡូវគេផ្ដល់ឱ្យមកវិញដើម្បីធ្វើកិច្ចការងារបន្តទៀត ពង្រឹងទំនាក់ទំនងទៀត អាហ្នឹងគួរកាត់យល់ហើយបងប្អូននៅទីនេះ តើទំនាក់ទំនងកម្ពុជា-អាម៉េរិកយ៉ាងម៉េច»។

សូមរម្លឹកថា ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ វ៉ិចតូរីយ៉ា នូលែន (Victoria Nuland) អនុរដ្ឋមន្ត្រីការបរទេសស្ដីទី សហរដ្ឋអាមេរិក កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ សហរដ្ឋអាមេរិកបានសម្រេចផ្ដល់ជូនឡើងវិញ នូវជំនួយក្នុងទំហំទឹកប្រាក់ប្រមាណ ១៨លានដុល្លារអាម៉េរិក តាមរយៈទីភ្នាក់ងារអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដែលសហរដ្ឋអាមេរិកបានផ្អាក ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា