ភ្នំពេញ៖ ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយ “បងប្អូនសហគមន៍ខ្មែរ នៅសហរដ្ឋអាមេរិក និងកាណាដា” នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាល្ងាចថ្ងៃទី២៣ កញ្ញាឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា អំឡុងខែវិច្ឆិកានិងខែធ្នូ ចុងឆ្នាំ២០២៣នេះ សម្តេចនឹងអញ្ជើញសម្ពោធអាកាសយានដ្ឋានថ្មីនៅ សៀមរាប ហើយនៅដើម ឆ្នាំ២០២៤ សម្តេចនឹងអញ្ជើញសម្ពោធអាកាសយានដ្ឋានថ្មីនៅក្រុងតាខ្មៅ ដែលអាចឱ្យយន្តហោះខ្នាតធំចុះចតបាន ដើម្បីតភ្ជាប់ផ្លូវអាកាសជាមួយប្រទេសនានាក្នុងតំបន់ និងសកលលោក។
តាមរយៈអាកាសយានដ្ឋានថ្មីទាំងពីរនេះ ប្រមុខរាជរដ្ឋាភិបាលសង្ឃឹមថា នឹងអាចទទួលបានភ្ញៀវទេសចរច្រើនចូលមក ទស្សនាប្រទេស កម្ពុជា។ សម្ដេចបានឱ្យដឹងថា អាកាសយានដ្ឋានថ្មីទាំងពីរធំជាង អាកាសយានដ្ឋានចាស់ពីរទៅបីដង។
សូមបញ្ជាក់ថា ទេសចរណ៍កម្ពុជាចាប់ផ្ដើមងើបឡើងវិញបន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ១៩ បានធូរស្រាយស្ទើរតែទាំងស្រុងក្នុងប្រទេស កម្ពុជា និងពិភពលោកទាំងមូល៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា