ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកញ្ញា ២០២៣ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៤៖០០នាទីព្រឹកនៅកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត បានអញ្ជើញជួបសំណេះសំណាល ជាមួយ បងប្អូនសហគមន៍ខ្មែរ នៅសហរដ្ឋអាមេរិក និងកាណាដា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ២៥០០នាក់។
ឆ្លៀតនាឱកាសនោះសម្តេចធិបតីបានមានប្រសាសន៍រំលឹកថា ការបោះឆ្នោតមុនៗពលរដ្ឋភ័យ នាំគ្នាដកលុយពីធនាគារ ប៉ុន្តែបោះឆ្នោតឆ្នាំ២០២៣ ពលរដ្ឋអត់ភ័យ បោះឆ្នោតហើយនាំគ្នាចេញទៅលេងព្រះសីហនុ និងបណ្ដាតំបន់ទេសចរណ៍ផ្សេងៗឡើងស្ទះផ្លូវតែម្ដង ដែលនេះបញ្ជាក់អំពីភាពសប្បាយរីករាយ ភាពពេញចិត្តនិងអ្វីដែលកម្ពុជាមានសុខសន្តិភាពពេញផ្ទៃប្រទេស។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានពន្យល់រឿងគេចោទថា សម្តេចបោកពលរដ្ឋមុនបោះឆ្នោតដាក់បេក្ខភាពសម្តេចតេជោ ក្រោយបោះឆ្នោតបែរជាសម្តេចធិបតីឡើងដឹកនាំប្រទេស។
សម្តេចធិបតីបានថ្លែងថា បេក្ខភាពរបស់សម្តេចជានាយករដ្ឋមន្ត្រីបន្តវេនត្រូវបានបង្ហាញតាំងពីមុនពេលបោះឆ្នោត។ លទ្ធផលឆ្នោត បានបង្ហាញថា ពលរដ្ឋពេញចិត្តការដឹកនាំសម្តេច ហើយក៏ពេញចិត្តចំពោះអ្នកបន្តវេនផងដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងតបទៅអ្នកនយោបាយនៅបារាំងថា សម្តេចមិនមែនក្មេងមិនទាន់ជ្រុះពន្លីពីក្បាលនោះទេ សក់ស្កូវអស់ហើយ ហើយសម្តេចក៏បងប្រធានាធិបតីបារាំងផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចកំពុងសិក្សាគោលនយោបាយផ្តល់អាហារូបត្ថម្ភដល់កូនខ្មែរពីមត្តេយ្យសិក្សា។នៅកម្ពុជាបច្ចុប្បន្នមិនមែនធ្វើតែការងារកាត់ដេរនោះទេ គឺអាចធ្វើការងារខាងពេជ្រ សឡា ដំឡើងរថយន្ត និងដំឡើងគ្រឿងបង្គំអេឡិចត្រូនិកផងដែរ។ពីមុននៅអាមេរិក មានតែផលិតផលដែលផលិតពីប្រទេសថៃ និងប្រទេសផ្សេងៗ តែបច្ចុប្បន្នក៏មានផលិតផលផលិតពីខ្មែរលើទីផ្សារអាមេរិកផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនឹងប្រឹងប្រែងរុញឱ្យអត្រាភាពក្រីក្រធ្លាក់ចុះបន្តទៀត។សម្ដេចក៏បានពន្យល់ខ្មែរនៅអាមេរិក ពីនយោបាយកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ ឆ្នាំ១៩៩៧ កម្ពុជា មានអត្រាភាពក្រីក្រ ប្រមាណ ៥៤ភាគរយ ពោល១០០នាក់ ៥៤នាក់។ បច្ចុប្បន្នអត្រាភាពក្រីក្រ មានតែ១៧ភាគរយ។
កម្ពុជា នៅតែបន្តមហិច្ឆតាប្រែក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។កម្ពុជា មិនទុកពលរដ្ឋក្រីក្រចោលនោះឡើយ ក្នុងនោះរាជរដ្ឋាភិបាល បានផ្តល់បណ្ណក្រីក្រជូនពលរដ្ឋមានជីវភាពខ្វះខាត ដើម្បីសម្រាលការលំបាករបស់ពួកគាត់។ ដរាបណាបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេស គឺមិនយកពន្ធដីស្រែចម្ការបស់កសិករនោះឡើយ។
រាជរដ្ឋាភិបាលកំពុងសិក្សាដាក់ឱ្យមានកម្មវិធីគាំពារផ្នែកសុខភាពដល់សមាជិកគ្រួសារកម្មករ និយោជិត ដោយតម្រូវឱ្យបង់ថវិកាប្រមាណ ១ម៉ឺន ៦ពាន់រៀលក្នុងមួយខែ។ រាជរដ្ឋាភិបាលក៏បានត្រៀមថវិកា ១០០លានដុល្លារ ធានាតម្លៃកសិផលរបស់ប្រជាកសិករផងដែរ។ ដល់ដំណាច់ឆ្នាំ២០២៣ យើងនឹងជ្រើសរើសមន្ត្រីបង្គោលផ្នែកកសិកម្ម ២៥០នាក់ ចុះធ្វើការតាមឃុំ ដើម្បីលើកទឹកចិត្តប្រជាកសិករនិងជំរុញកសិករឲ្យចេះធ្វើកសិកម្មបែបទំនើបឲ្យបានកាន់តែច្រើន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការអប់រំគុណធម៌ សីលធម៌ និងឥរិយាបថនេះ គឺត្រូវបណ្តុះបណ្តាលតាំងពីថ្នាក់មត្តេយ្យ។ ឪពុកម្តាយកាន់តែរវល់ អត់សូវមានពេលអប់រំកូននោះទេ ដូច្នេះក្រសួងអប់រំ ត្រូវបង្កើនតួនាទីនៃការអប់រំឱ្យបានច្រើន។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងច្បាស់លាស់ថា រាជរដ្ឋាភិបាលនីតិកាលថ្មីនេះ មិនធ្វើបាបពលរដ្ឋ មិនធ្វើឱ្យពលរដ្ឋខកបំណងនោះឡើយ៕
ប្រភព៖ ក្រសួងព័ត៌មាន