រដ្ឋមន្ត្រីក្រសួងធនធានទឹកស្នើភាគីបារាំង ជួយកៀរគរដៃគូអភិវឌ្ឍន៍ដទៃទៀតឱ្យចូលរួមចំណែកក្នុងការស្តារនិងពង្រឹងប្រព័ន្ធគ្រប់គ្រងធនធានទឹកនៅកម្ពុជា

0

ភ្នំពេញ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបានស្នើភាគីបារាំង ជាពិសេស AFD ជួយកៀរគរដៃគូអភិវឌ្ឍន៍ដទៃទៀតឱ្យចូលរួមចំណែកក្នុងការស្តារនិងពង្រឹងប្រព័ន្ធគ្រប់គ្រងធនធានទឹក និងឧតុនិយមនៅកម្ពុជាផងដែរ។ ការស្នើនេះក្នុងឱកាសទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូបារាំងដឹកនាំដោយឯកឧត្ដម Jacques PELLET ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំង និងលោកស្រី Sandrine BOUCHER នាយិកាប្រចាំប្រទេសកម្ពុជារបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFDឋ) នារសៀលថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត Jacques PELLET លោកស្រី Sandrine Boucher នាយិកា AFD និងគណៈប្រតិភូ ដែលបានឆ្លៀតពេលដ៏មមាញឹក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនសម្រាប់កិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរលើវិស័យធនធានទឹក និងឧតុនិយម។

ជាមួយគ្នានេះដែរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងតាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត ក៏ដូចជាលោកស្រីនាយិកា ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការដឹងគុណចំពោះសាធារណរដ្ឋបារាំង ជាពិសេស AFD ដែលក្នុងរយៈពេលជាង២ទសវត្សរ៍មកនេះ តែងតែផ្តល់នូវការឧបត្ថម្ភ និងគាំទ្រដល់ប្រទេសកម្ពុជា ពលរដ្ឋកម្ពុជា ទាំងជំនួយបច្ចេកទេសនិងហិរញ្ញវត្ថុលើគ្រប់វិស័យ ជាពិសេសការស្តារនិងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា។

សូមជម្រាបថា ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ក្រសួងធនធានទឹក និងឧតុនិយមទទួលសមិទ្ធផលគម្រោងចំនួនពីរ ដែលគាំទ្រដោយហិរញ្ញប្បទានរបស់ AFD ក្នុងនោះមានគម្រោងមួយបានបញ្ចប់ និងគម្រោងមួយទៀតកំពុងអនុវត្តគឺ៖ ទី១.គម្រោង WASP (Water Agricultural Sector Project) រយៈពេល ៥ឆ្នាំ(២០១៥-២០១៩)ដែលបានបញ្ចប់ ស្ថិតនៅក្នុងខេត្តកណ្តាល ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ។ ទី២.គម្រោង WAT4CAM ដំណាក់កាលទី១(កំពុងអនុវត្ត) ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១៩ នៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។

ឯកឧត្តមបានលើកឡើងថា បច្ចុប្បន្ននេះ មានគម្រោងនិងកម្មវិធីចំនួនពីរ ដែលស្ថិតក្រោមកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានរបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD) ដែលក្នុង នោះមាន៖ ទី១.កម្មវិធី WAT4CAM ដំណាក់កាលទី១ កំពុងអនុវត្ត និងគ្រោងបញ្ចប់ក្នុងឆ្នាំ២០២៥ និងទី២.ការស្ដារអាងស្ទឹងស្វាយចេក បាននិងកំពុងសិក្សាអំពីសមិទ្ធលទ្ធភាព (Feasibility study) ដែលគ្រោងបញ្ចប់ក្នុងខែវិច្ឆិកា។

ឯកឧត្តមរដ្ឋមន្តី្របានជម្រាបភាគីបារាំងថា ឯកឧត្តមកំពុងពិចារណាអំពីលទ្ធភាពក្នុងការរៀបចំវេទិកាប្រចាំឆ្នាំរវាងដៃគូអភិវឌ្ឍន៍ជាមួយក្រសួងធនធានទឹក និងឧតុនិយម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការវិនិយោគលើវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា។

ក្នុងកិច្ចពិភាក្សានេះ បានផ្តោតលើគម្រោងដែលបាននិងកំពុងអនុវត្ត និងកិច្ចសហប្រតិបត្តិការ សក្តានុពលរវាងភាគីបារាំងនិងរាជរដ្ឋាភិបាលកម្ពុជា។ ដោយឡែកលើវិស័យគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹក និងឧតុនិយម ចាប់ពីឆ្នាំ១៩៩៣ រហូតដល់បច្ចុប្បន្ន ភាគីបារាំង ជាពិសេស AFD នៅតែជាដៃគូដ៏សំខាន់របស់ក្រសួងធនធានទឹក និងឧតុនិយមក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

ជាមួយគ្នានេះ ភាគីទាំងពីរបានបង្ហាញនូវសុច្ឆន្ទៈបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យធនធានទឹក និងឧតុនិយមឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា