ភ្នំពេញ៖ មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានបញ្ជាក់ឱ្យដឹងថា អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី នឹងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ២០២៣ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តមសន្ដិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិកាប្រចាំក្រសួងមហាផ្ទៃបានលើក ក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីសម្ពោធអគារទីស្ដីការក្រសួងមហាផ្ទៃនាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។
ឯកឧត្តមសន្ដិបណ្ឌិត ម៉ៅ ច័ន្ទតារា បានថ្លែងថា តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានណែនាំឱ្យត្រៀមសម្រាប់រៀបចំពិធីសម្ពោធអគារទីស្ដីការក្រសួងមហាផ្ទៃ ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ។ ឯកឧត្តមសន្ដិបណ្ឌិតបន្ដថា តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង នាពេលកន្លងទៅ សម្ដេចក្រឡាហោម បានយកចិត្តទុកដាក់ចំពោះការងារសាងសង់ និងរៀបចំពិធីសម្ពោធអគារទីស្ដីការក្រសួងមហាផ្ទៃថ្មីនេះ ដោយធ្វើយ៉ាងណារៀបចំពិធីនេះឡើង ដោយអធិកអធម ដើម្បីឱ្យសាកសមទៅនឹងអគារថ្មីនេះ។
ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនា យកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុបានឱ្យដឹងថា រហូតមកដល់ពេលនេះ ការងារសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ បានសាងសង់រួចរាល់ចប់សព្វគ្រប់។ ឯកឧត្តម នាយឧត្តមសេនីយ៍បានលើកឡើងថា តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឱ្យមានការជួសជុលអគារអមសងខាង និងលាបពណ៌ ឱ្យប្រហាក់ប្រហែលជាមួយអគារទីស្ដីការថ្មី។ ចំពោះការងាររៀបចំពិធីសម្ពោធអគារទីស្ដីការនេះ ឯកឧត្តម អគ្គនាយក បានលើកឡើងទៀតថា តាមគម្រោង នឹងរៀបចែកសៀវភៅសរសេររៀបរាប់អំពីដំណើរការសាងសង់អគារនេះ ជូនដល់គណៈអធិបតី និងភ្ញៀវទាំងអស់ ដែលបានអញ្ជើញចូលរួម។
ឯកឧត្តមសន្ដិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានបន្ថែមថា ចំពោះសមាសភាពចូលរួមក្នុងពិធីសម្ពោធអគារទីស្ដីការក្រសួងមហាផ្ទៃថ្មីនេះ នឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា, ឯកឧត្តម-លោកជំទាវ រដ្ឋមន្ដ្រីតាមបណ្ដាក្រសួង-ស្ថាប័នទាំងអស់, អគ្គស្នងការដ្ឋាននគរបាលជាតិ, ប្រធានក្រុមប្រឹក្សា-អភិបាលរាជធានី-ខេត្ត, ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត, និងអង្គទូតនានា ប្រចាំប្រទេសកម្ពុជាផងដែរ។
គួរបញ្ជាក់ថា អគារទីស្ដីការក្រសួងមហាផ្ទៃ មានទំហំ ១៥៣ម៉ែត្រ គុណ ៨៣ម៉ែត្រ មាន ៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្ត។ អគារស្ថាប័នរដ្ឋ ដ៏ធំស្កឹមស្កៃមួយនេះ ត្រូវបានសាងសង់ឡើងនៅលើទីតាំងចាស់ ហើយចំពោះប្លង់ស្ថាបត្យកម្ម ជាប្រភេទស្ថាបត្យកម្ម ក្លាសិក រចនាបទខ្មែរដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បបុកចំនួន ប្រាំ លំនាំតាមប្រាសាទអង្គវត្តកំពូលប្រាំ អនុលោមតាមគោលការណ៍សមមាត្រនៃរូបរាងអគារ និងគិតគូរយ៉ាងហ្មត់ចត់អំពីពន្លឺ និងខ្យល់ធម្មជាតិ ប្រកបដោយផាសុខភាព ស័ក្តិសមជាទីកន្លែង ធ្វើការបែបសម័យទំនើប៕
ប្រភព៖ ទីភ្នាក់ងាសារព័ត៌មានកម្ពុជា