ចិន៖ នាសៀលថ្ងៃអាទិត្យ ៣ កើត ខែភទ្របទ ឆ្នាំថោះបញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣, ទីក្រុងណាននីង តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឡាន ធានលី (Lan Tianli) អភិបាលនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី និង គណៈប្រតិភូ ជួបសម្ដែងការគួរសម និងពិភាក្សាការងារ ។
បន្ទាប់ពីទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមអភិបាល និងគណៈប្រតិភូ សម្តេចធិបតីបានថ្លែងអំណរគុណចំពោះរដ្ឋបាលនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី, ទីក្រុង និងប្រជាជនណាននីង ដែលបានទទួលបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅ ដល់ សម្ដេចធិបតី និងគណៈប្រតិភូកម្ពុជា និងបានគូសបញ្ជាក់អំពីផ្លែផ្កាដែល សម្ដេចធិបតី ទទួលបានពីការបំពេញទស្សនកិច្ចផ្លូវការ និងការចូលរួមក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី ២០ នៅទីក្រុងណាននីង នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី។
ក្នុងនាមតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ឯកឧត្តមអភិបាល បានវាយតម្លៃខ្ពស់ចំពោះ ការបំពេញទស្សនកិច្ចផ្លូវការ និងការចូលរួមពិព័រណ៍របស់ សម្ដេចធិបតី និងគណៈប្រតិភូ ដែលនេះបញ្ជាក់អំពីការយកចិត្តទុកដាក់ និងជំហរគាំទ្រដ៏មុតមាំរបស់កម្ពុជា ចំពោះប្រទេសចិន និយាយជារួម និងចំពោះទីក្រុងណាននីង និយាយដោយឡែក។ ឯកឧត្ដមអភិបាល ក៏បានគោរពជម្រាបជូន សម្ដេចធិបតី អំពីវត្ថុបំណងនៃការធ្វើដំណើរទស្សនកិច្ចរបស់ ឯកឧត្តម មកប្រទេសកម្ពុជា កាលពីខែមេសាឆ្នាំ ២០២៣ គឺដើម្បីពិនិត្យមើលការរីកចម្រើន, វិបុលភាព និងវឌ្ឍនភាពរបស់កម្ពុជា ព្រមទាំងដើម្បីគោរពអញ្ជើញ សម្តេចតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មកបំពេញទស្សនកិច្ចនៅទីក្រុងណាននីង និងតំបន់ដទៃទៀត នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី។ ឯកឧត្ដមអភិបាល ក៏បានរំលេចបន្ថែមថា ឯកឧត្ដម បានស្ដាប់យ៉ាងយកចិត្តទុកដាក់នូវសុន្ទរកថាដែល សម្ដេចធិបតី បានថ្លែងនៅក្នុងឱកាសនៃការបើកពិព័រណ៍ចិន-អាស៊ាន លើកទី២០ កាលពីពេលព្រឹកមិញ ហើយឯកឧត្តម បានឯកភាពទាំងស្រុង ចំពោះទស្សនវិស័យដែល សម្តេចធិបតី បានលើកឡើង។
ស្ថិតក្នុងបរិយាកាសស្និទ្ធស្នាល សម្ដេចធិបតី បានអរគុណ ឯកឧត្តមអភិបាល និងបានឯកភាពចំពោះការបញ្ជាក់របស់ ឯកឧត្ដម ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ។ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យមានការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើង ជាពិសេស ផ្នែកពាណិជ្ជកម្ម វិនិយោគ កសិកម្មទំនើប កសិ-ឧស្សាហកម្ម និងសេដ្ឋកិច្ចឌីជីថល។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានស្នើឱ្យ ឯកឧត្តមអភិបាល ពិនិត្យលទ្ធភាពពន្លឿនកិច្ចសហប្រតិបត្តិការដែលកំពុងមាន ដើម្បីបញ្ចប់ និងសម្រេច ប្រកបដោយផ្លែផ្កា និងខិតខំស្វែងរកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត។ ជាការឆ្លើយតប, ឯកឧត្តមអភិបាល បានគោរពជម្រាបជូន សម្ដេចធិបតី ថា ឯកឧត្តម និងរដ្ឋបាលតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នឹងបន្តកិច្ចសហប្រតិបត្តិការ និងខិតខំធ្វើការងារជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីសម្រេចលទ្ធផលជាផ្លែផ្កា។
នៅទីបញ្ចប់ ឯកឧត្ដមអភិបាល បានគោរពអរគុណសារជាថ្មី ចំពោះការអនុញ្ញាតឱ្យ ឯកឧត្ដម និងគណៈប្រតិភូ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្ដេចធិបតី។ ឯកឧត្ដមអភិបាល ក៏បានផ្តាំផ្ញើនូវការសួរសុខទុក្ខ និងក្ដីនឹករឭកដ៏ជ្រាលជ្រៅ ជូនចំពោះ សម្តេចតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងបានជូនពរឱ្យ សម្តេចធិបតី និងគណៈប្រតិភូ ធ្វើដំណើរមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព៕
ប្រភព៖ ក្រសួងព័ត៌មាន