ភ្នំពេញ៖ ដើម្បីពង្រឹងតួនាទីអាសិបបន្ថែមទៀត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចែករំលែកនូវទស្សនៈចំនួន៥ចំណុច ក្នុងឱកាសថ្លែងក្នុងកិច្ចប្រជុំកំពូលធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង ពាណិជ្ជកម្ម ក្នុងក្របខ័ណ្ឌកិច្ចពមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់លើកទី៣ ក្រោមប្រធានបទ «ការធ្វើសមាហរណកម្មក្នុងទីផ្សារបើកទូលាយរបស់កិច្ចព្រមព្រៀងអាសិប និង ការជំរុញកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» នៅទីក្រុងណាននីង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៣។
ទស្សនៈទាំងនោះមានដូចជា៖ ទី១. ខ្ញុំជឿជាក់ថា ប្រទេសសមាជិកទាំងអស់មានទស្សនៈ រួមថា សេដ្ឋកិច្ចរបស់ចិនមានសារៈសំខាន់ ក្នុងការដឹកនាំកំណើនសេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។ ដូច្នេះ អាស៊ាន និង ចិន ចាំបាច់ ត្រូវពង្រឹងភាពធន់នៃកិច្ចសហប្រតិបត្តិការ និង អន្តរកម្មសេដ្ឋកិច្ចរបស់យើងបន្ថែមទៀត ដើម្បីបង្ហាញប្រាប់ពិភពលោកថា ការជំរុញពាណិជ្ជកម្មពហុភាគី ដែលសេរី បើកចំហ មានបរិយាប័ន្ន និង ផ្អែកលើវិធានច្បាប់នៅតែជាដំណោះស្រាយរួមដែលសមស្របបំផុតសម្រាប់យើងទាំងអស់គ្នា ។
ទី២. ក្រៅពីពាណិជ្ជកម្មទំនិញ យើងក៏គួរផ្តោតការយកចិត្តទុកដាក់ លើការជំរុញពាណិជ្ជកម្មសេវាកម្មនិង ពាណិជ្ជកម្មឌីជីថលផងដែរ។ ខ្ញុំមើលឃើញសក្តានុពលពីសហថាមពលរវាងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងកិច្ចព្រមព្រៀងអាសិប ដើម្បីជំរុញបន្ថែមទៀតដល់ពាណិជ្ជកម្មទំនិញ និងសេវាកម្ម ។ សម្រាប់ពាណិជ្ជកម្មឌីជីថល ក្នុងពេលដែលយើងចាប់ផ្តើមចរចាកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន(DEFA) ខ្ញុំយល់ថា យើងចាំបាច់ត្រូវប្រមើលពីតួនាទីរបស់អាសិបនៅក្នុងក្របខ័ណ្ឌនេះផងដែរ ដើម្បីជំរុញពាណិជ្ជកម្មឌីជីថលឱ្យមានវិសាលភាពកាន់តែទូលំទូលាយ។
ទី៣. យើងត្រូវទទួលស្គាល់ថា វិស័យឯកជន គឺជាតួអង្គគន្លឹះក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះ និង ជាអ្នកជួយចែកចាយផលលាភសេដ្ឋកិច្ច ឱ្យបានទូលំទូលាយទៅដល់ប្រជាជន។ ដូច្នេះ យើងត្រូវបន្តបញ្ជ្រាបពីសារៈសំខាន់របស់អាសិបដល់វិស័យឯកជន ព្រមទាំងជំរុញ និង គាំទ្រលទ្ធភាពរបស់ពួកគេ ក្នុងការចូលរួមអនុវត្តអាសិប ជាពិសេសសហគ្រាសធុរកិច្ចថ្មី ធុនតូច និងមធ្យម ។
ទី៤.យើងគួរចាប់ផ្ដើមពន្លឿនការបញ្ចប់នីតិវិធីសម្រាប់ការស្នើសុំចូលជាសមាជិកអាសិបថ្មីៗថែមទៀត និង គិតគូរពីការពង្រីកសមាជិកភាព ។ នេះគឺជាគោលនយោបាយរួមរបស់អាស៊ាន ដើម្បីជំរុញសមាហរណកម្ម ទៅក្នុងសេដ្ឋកិច្ចសកលលោក ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅ ដែលមានសក្តានុពល ។
ទី៥. ការធានាបរិយាប័ន្នភាពនៃកិច្ចព្រមព្រៀងអាសិប មានសារៈសំខាន់ក្នុងការបង្កើតភាពទាក់ទាញ និង បង្ហាញពីអត្ថប្រយោជន៍នៃការចូលរួមពាណិជ្ជកម្មពហុភាគី ។ ក្នុងន័យនេះ ខ្ញុំលើកទឹកចិត្តឱ្យមានការអនុវត្តប្រកបដោយប្រសិទ្ធភាព នៃជំពូកស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង បច្ចេកទេស ដែលនឹងជួយឱ្យសមាជិកដែលជាប្រទេសអភិវឌ្ឍន៍តិចតួច អាចមានលទ្ធភាពចូលរួមអនុវត្តកាតព្វកិច្ចរបស់ខ្លួន។
សម្តេចធិបតី បានថ្លែងបន្ថែមថា អាសិបនៅតែជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេបំផុតលើពិភពលោកដែលមានលក្ខណៈ ទំនើប រស់រវើក គ្រប់ជ្រុងជ្រោយ និង មានគុណភាពខ្ពស់។ ជាមួយនឹងភាពមិនប្រាកដប្រជាសកលកាន់តែខ្លាំងក្លាឡើងនាពេលបច្ចុប្បន្ន តួនាទីរបស់អាសិបរឹតតែមានសារៈសំខាន់ ក្នុងការពង្រឹងទំនុកចិត្តលើប្រព័ន្ធពាណិជ្ជកម្មពហុភាគី ការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិ និង ការជំរុញសមាហរណកម្មសេដ្ឋកិច្ចតំបន់ និង ពិភពលោក ដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះ និង ការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
បើតាមសម្តេចធិបតី រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិថ្មីនេះ នៅតែបន្តពង្រឹងតួនាទីរបស់កម្ពុជាក្នុងអាស៊ាន ពង្រឹងអភិបាលកិច្ច និង ពង្រីកតួនាទីរបស់វិស័យឯកជន និង ជំរុញសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ និង សកលលោក ក្រោមក្របខ័ណ្ឌអាស៊ាន, អាស៊ានជាមួយដៃគូ និងអាសិប ដើម្បីទាក់ទាញការវិនិយោគពីបរទេស លើកកម្ពស់កំណើនសេដ្ឋកិច្ច និង ពង្រឹងភាពធន់ ។
សម្តេចធិបតី សង្ឃឹមថា ពិព័រណ៍ និងកិច្ចប្រជុំកំពូលនេះនឹងផ្តល់នូវការយល់ដឹងកាន់តែប្រសើរអំពីកាលានុវត្តភាពធុរកិច្ច ពាណិជ្ជកម្ម និង វិនិយោគនៅកម្ពុជា និងបង្កើតទំនាក់ទំនងបន្ថែមទៀតជាមួយប្រទេសកម្ពុជា និងសហគមន៍ធុរកិច្ចកម្ពុជា៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា