ចិន គ្រោងនឹងពិនិត្យលទ្ធភាពបង្កើនជើងហោះហើរត្រង់ពីតំប​ន់ស្វយ័តជនជាតិជាំងក្វាងស៊ី មកកាន់ប្រទេសកម្ពុជា

0

ចិន៖ លេខាធិការ​បក្ស​តំបន់​ស្វយ័ត​ជនជាតិ​ជាំ​ង​ក្វា​ង​ស៊ី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន គ្រោង​នឹង​ពិនិត្យ​លទ្ធភាព​បង្កើន​ជើងហោះហើរ​ត្រង់​ពី​តំបន់​ស្វយ័ត​ជនជាតិ​ជាំ​ង​ក្វា​ង​ស៊ី មក​កាន់​ប្រទេស​កម្ពុជា​។

ក្នុង​ជំនួប​ជាមួយ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​រសៀល ថ្ងៃ​សៅរ៍ ២​កើត ខែភទ្របទ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​ទីក្រុង​ណា​នឹង តំបន់​ស្វយ័ត​ជនជាតិ​ជាំ​ង​ក្វា​ង​ស៊ី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ឯកឧត្តម លាវ នី​ង (Liu Ning) លេខាធិការ​បក្ស​តំបន់​ស្វយ័ត​ជនជាតិ​ជាំ​ង​ក្វា​ង​ស៊ី បាន​សន្យា​ថា ឯកឧត្តម​នឹង​ចាប់ផ្តើម​ពិភាក្សា​ការងារ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំង​នៅ​ចិន និង​ទាំង​នៅ​កម្ពុជា​ពី​លទ្ធភាព​បង្កើន​ជើងហោះហើរ​។ ទន្ទឹម​នេះ ឯកឧត្តម​លេខាធិការ​បក្ស ក៏​បាន​អរគុណ​ចំពោះ សម្តេច​ធិ​បតី ដែល​បាន​ជូនពរ​ឱ្យ​ការ​រៀបចំ​ពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​២០ ប្រកបដោយ​ជោគជ័យ​។

ការ​សន្យា​នេះ ឆ្លើយ​តប​ទៅ​នឹង សំណើ របស់​សម្ដេច​ធិ​បតី ចង់ឱ្យ​តំបន់​ស្វយ័ត​ជនជាតិ​ជាំ​ង​ក្វា​ង​ស៊ី ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត ជា​ពិសេស​ពង្រឹង និង ពង្រីក​បន្ថែម លើ​ផ្នែក​ពាណិជ្ជកម្ម ការ​វិនិយោគ ការ​ផ្ដល់​ការ​គាំទ្រ​ដល់​ផលិតផល​កសិកម្ម​កម្ពុជា ការ​ផ្តល់​សេវា​ថែទាំ​សុខភាព​សាធារណៈ ការ​ជំរុញ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ ការ​ពង្រីក​ការ​បណ្តុះ បណ្តាល​វិជ្ជាជីវៈ ការ​អប់រំ និង​កីឡា ព្រមទាំង​ការ​បង្កើន​ជើងហោះហើរ​ត្រង់​រវាង​តំបន់​ស្វយ័ត​ជនជាតិ​ជាំ​ង​ក្វា​ង​ស៊ី និង ប្រទេស​កម្ពុជា​។

ជាមួយ​គ្នា​នេះ​, សម្ដេច​ធិ​បតី ក៏​បាន​ស្នើ​ឱ្យ ឯកឧត្តម​លេខាធិការ​បក្ស​ពិនិត្យ​លទ្ធភាព​ព​ន្លឿ​ន​ដំណើរការ​នៃ​ការ​រៀបចំ​នីតិវិធី​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា នៃ​កិច្ច​សហប្រតិបត្តិការ​រួម​គ្នា ស្តី​ពី​ការ​សាងសង់​សួន​ឧស្សាហកម្ម​កម្ពុជា​-​ចិន (Cambodia-China Industrial Parks) ដែល​នឹង​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល (digital economy) និង​កសិកម្ម​វៃឆ្លាត (smart agriculture)​។

សម្ដេច​ធិ​បតី បាន​សម្តែង​នូវ​អំណរ​គុណ​ចំពោះ​ការ​អបអរសាទរ និង​ចំពោះ​ការ​រាយការណ៍ និង​អំពី​កិច្ច​សហប្រតិបត្តិការ​ដែល​តំបន់​ស្វយ័ត មាន​ជាមួយ​ប្រទេស​កម្ពុជា ដោយ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រីក​លូតលាស់ និង​កា​រវិ​វ​ឌ្ឍ​សេដ្ឋកិច្ច​របស់​តំបន់​ស្វយ័ត ដែល​ប្រៀប​បីដូច​ជា​ច​លករ​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​របស់​ប្រទេស​ចិន ។

សូម​ជម្រាប់​ជូន​ថា តំបន់​ស្វយ័ត​ជនជាតិ​ជាំ​ង​ក្វា​ង​ស៊ី មាន​កិច្ច​សហប្រតិបត្តិការ​ជា​ច្រើន​ជាមួយ​ប្រទេស​កម្ពុជា​នៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម កសិកម្ម សុខាភិបាល បច្ចេកវិទ្យា ការ​អប់រំ កីឡា និង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា